អភិបាលខេត្តកំពត ចុះសួរសុខទុក្ខ និងនាំយកអំពូលដើរដោយពន្លឺព្រះអាទិត្យ ចែកជូនពលរដ្ឋ ខ្វះចរន្តអគ្គិសនីប្រើប្រាស់ មកពីឃុំចំនួនបី ក្នុងស្រុកទឹកឈូ - គេហទំព័រ ស្ពានមរតក

Breaking

Friday, August 27, 2021

អភិបាលខេត្តកំពត ចុះសួរសុខទុក្ខ និងនាំយកអំពូលដើរដោយពន្លឺព្រះអាទិត្យ ចែកជូនពលរដ្ឋ ខ្វះចរន្តអគ្គិសនីប្រើប្រាស់ មកពីឃុំចំនួនបី ក្នុងស្រុកទឹកឈូ

នៅព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរមួយចំនួន ក្នុងខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវ អំពូលភ្លើងដើរដោយពន្លឺព្រះអាទិត្យ (សូឡា) មានចំនួន១៦៥គ្រឿង ដើម្បីចែកជូនប្រជាពលរដ្ឋដែលមិនទាន់មានចរន្តអគ្គិសនីប្រើប្រាស់ មកពីឃុំចំនួន៣ គឺឃុំកូនសត្វ ឃុំត្រពាំងព្រីង និងឃុំកណ្ដោល ក្នុងស្រុកទឹកឈូ ខេត្តកំពត។


តាមការឲ្យដឹងរបស់ អភិបាលស្រុកទឹកឈូ លោកនាក់ សុវណ្ណារី បានបញ្ជាក់ថា ក្នុងទូទាំងស្រុកទឹកឈូ មានអគ្គិសនីចូលទៅដល់គ្រប់ភូមិ តែគ្រួសារ ប្រជាពលរដ្ឋមួយចំនួនតូច នៅមិនទាន់មានអគ្គីសនីប្រើប្រាស់នៅឡើយដែរ ។ ក្នុងនោះមានគ្រួសារប្រជាពលរដ្ឋ នៅក្នុងឃុំកូនសត្វមានចំនួន៣៨ គ្រួសារ ឃុំត្រពាំងព្រីង ចំនួន៦៥គ្រួសារ និងឃុំកណ្ដោលចំនួន១៣១ គ្រួសារ។


មានប្រសាសន៍សំណេះសំណាល ឯកឧត្តមជាវ តាយ អភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋនាឱកាសនោះ ។ 


ពាក់ព័ន្ធសំណូមពរ របស់ប្រជាពលរដ្ឋបញ្ហាការខ្វះចរន្តអគ្គិសនីប្រើប្រាស់ នៅក្នុងឃុំចំនួនបីខាងលើនេះឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថាជំនាញ និងអាជ្ញាធរកំពុងជំរុញការដោះស្រាយជូនយ៉ាងយូរនៅចុងឆ្នាំ ២០២១និងរួចរាល់។


ឯកឧត្តមជាវ តាយអភិបាលខេត្តក៏បានអំពាវនាវ និងជំរុញដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ការរស់នៅប្រកបដោយអនាម័យល្អ ពិសេសការអនុវត្តនៅវិធានការសុខាភិបាល ក៏ដូចជាការណែនាំរបស់សម្ដេចតេជោហ៊ុនសែនគឺការអនុវត្ត ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។ ទន្ទឹមនឹងនោះប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានរួសរាន់ គ្រប់គ្នានៅទីតាំងកន្លែងដែលកំពុងដំណើរចាក់មួយណាក៏បានក្នុងខេត្ត ដោយមិនចាំបាច់រង់ចាំស្រុកណា ចាក់នៅស្រុកនោះដូចមុនទេ ហើយបើមានអ្នកមិនឲ្យចាក់សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយជូន។


ឯកឧត្តមក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋត្រូវខិតខំសម្របខ្លួនរស់នៅទៅតាមបែបគន្លងថ្មីនៃបរិបទជំងឺឆ្លងកូវីដ១៩ និងធ្វើយ៉ាងណាជំរុញការងារបង្កបង្កើតផល ដាំដុះដំណាំផ្សេងៗនិងចិញ្ចឹមសត្វរួមផ្សំ ដើម្បីធានាបានការផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យកាន់តែធូរធារប្រសើរឡើង។


ក្នុងឱកាសនោះដើម្បីដោះស្រាយបញ្ហានៅចំពោះបណ្ដោះអាសន្ននៃគ្រួសារប្រជាពលរដ្ឋខ្វះខាតចរន្តអគ្គិសនីប្រើប្រាស់ ឯកឧត្តមអភិបាលខេត្តក៏បានប្រគល់ជូនអំពូលភ្លើងដើរដោយពន្លឺព្រះអាទិត្យ(អំពូលស៊ុលឡា)មានចំនួន១៦៥ឈុត សម្រាប់ចែកជូនគ្រួសារប្រជាពលរដ្ឋម្នាក់មួយឈុត នៅក្នុងឃុំកូនសត្វ ឃុំត្រពាំងព្រីង និងឃុំកណ្តោល ហើយនឹងត្រូវយកបន្តចែកជូនដល់គ្រួសារដែលមិនទាន់បាននៅពេលខាងមុខថែមទៀតផងដែរ៕




 

No comments:

Post a Comment

Pages