ភ្នំពេញ៖ វិស័យសំណង់គឺជាវិស័យមួយដែលបាននិងកំពុងដំណើរការយ៉ាងមមាញឹកនៅរាជធានីភ្នំពេញក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះទេដើម្បីឲ្យវិស័យនេះនៅតែដំណើរការដដែល បើទោះបី ប្រទេសកម្ពុជា ស្ថិតក្នុងតំណាក់កាលកូវីដ-១៩ ក៏ដោយនោះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង តែងយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឲ្យវិស័យនេះនៅតែដំណើរការទៅមុខ មិនរំខាន ដោយកូវីដ-១៩ឡើយ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែសីហានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយវិស័យឯកជន ពិសេសគឺវិស័យសំណង់នេះតែម្ដង ដើម្បីធ្វើយ៉ាងណាឲ្យវិស័យឯកជនចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងតែវិស័យសំណង់នៅតែដំណើរការ បើទោះបីស្ថានភាពជំងឺកូវីដ-១៩មិនទាន់ត្រូវបានបញ្ចប់ក៏ដោយ។
ឯកឧត្ដម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាជំងឺកូវីដ-១៩ បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតដល់រាជធានីភ្នំពេញត្រូវបានបិទខ្ទប់ដើម្បីកាត់ផ្ដាច់ការរីករាលដាលនៃជំងឺនេះ។ យើងបានធ្វើការងារនេះទាំងយប់ ទាំងថ្ងៃ ដើម្បីកុំឲ្យជំងឺនេះរីករាលដាលធំឡើងដែលយើងគ្រប់គ្រងមិនបាននោះ។
ឯកឧត្ដមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នៅដំណាក់កាលចុងក្រោយនេះ គឺបានរីករាលដាលដល់ បងប្អូនកម្មករសំណង់ កម្មករ កម្មការិនីរោងចក្រ តែដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សហការជាមួយនិងវិស័យឯកជន យើងបានទប់ស្កាត់នូវការរីករាលដាលជំងឺនេះមិនឲ្យរីករាលដាលកាន់តែធំបានយ៉ាងល្អ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ការបង្កើតអោយមានកិច្ចប្រជុំឡើងនៅថ្ងៃនេះ យើងមានគោលបំណងតែមួយគត់ នោះគឺចង់ឲ្យវិស័យឯកជនចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញបន្ថែមទៀតដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវនេះឲ្យបាន។ មានន័យថា បើទោះបី ជំងឺកូវីដ-១៩នៅតែកើតមាន តែសកម្មភាពការងារនានា លើវិស័យសំណង់មិនត្រូវបានផ្អាកដំណើរការនោះទេ។
ឯកឧត្ដមបានបន្តទៀតថា កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន សម្ដេចបាន ខិតខំរកអស់គ្រប់មធ្យោបាយ ដើម្បីកៀងគរធ្វើយ៉ាងណារកវ៉ាក់សាំងមកចាក់ជូន បងប្អូនប្រជាពលរដ្ឋកម្ពុជាអោយបានគ្រប់គ្នា ជាមួយនឹតការរក្សានូវវិធានរបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត៣កុំនិង៣ការពារ របស់សម្ដេចតេជោហ៊ុនសែន ធ្វើឱ្យការរីករាលដាលជម្ងឺកូវីដ-១៩ អាចទប់ស្កាត់បាន។
ក្នុងកិច្ចប្រជុំនោះដែរ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជាក៏បានមានប្រសាសន៍លើកឡើង អំពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ដោយសម្ដេច
បានរកវ៉ាក់សាំង មកចាក់ជូនបងប្អូនប្រជាពលរដ្ឋអោយបានគ្រប់គ្នា ខណៈដែលនៅប្រទេសមួយចំនួននៅអាស៊ី ចាក់វ៉ាក់ជូនពលរដ្ឋរបស់គេ មិនទាន់បាន ប៉ុន្មានភាគរយនៅឡើយ។ លោកបានបន្តថា ការចាក់វ៉ាក់សាំង ជាមួយនិងការចូលរួមសហការពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋបក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឲ្យវិស័យឯកជននៅតែដំណើរការទៅមុខ មិនអាក់ខានដោយសារ covid-19នោះទេ។
គួរបញ្ជាក់ថា ដើម្បីធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ-និយោជិត ក្នុងវិស័យសំណង់ ព្រមទាំងនិរន្តរភាពការងាររបស់ការដ្ឋាន កាលពីថ្ងៃទី២៧ កក្កដាកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ ម្ចាសំការដ្ឋាន . អ្នកគ្រប់គ្រងការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរឹតបន្តឹងការ អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អោយបានម៉ឺងម៉ាតបំផុតផងដែរ ទើបយើងអាចទប់ស្កាត់បានរហូតមកដល់ពេលនេះ៕
No comments:
Post a Comment