នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អញ្ជើញធ្វើដំណើរទៅដល់ខេត្តបាត់ដំបងហើយ ដើម្បីរៀបចំផែនការទិញកសិផល(ផ្លែមៀន, ផ្លែតាង៉ែន) របស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន - គេហទំព័រ ស្ពានមរតក

Breaking

Thursday, August 19, 2021

នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អញ្ជើញធ្វើដំណើរទៅដល់ខេត្តបាត់ដំបងហើយ ដើម្បីរៀបចំផែនការទិញកសិផល(ផ្លែមៀន, ផ្លែតាង៉ែន) របស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១  ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោហ៊ុនសែន បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការទិញកសិផល(ផ្លែមៀន, ផ្លែតាង៉ែន) របស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។


សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

តាមរយៈនៃការចុះប្រមូលទិញផលិតផលផ្លែមៀន(តាង៉ែន) នាពេលនេះ គឺធ្វើឡើងស្របពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ កំពុងមានការឆ្លងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស បានធ្វើឱ្យមានផលប៉ះពាល់ដល់ដំណាំមៀន(តាង៉ែន)របស់ប្រជាកសិករជួបនឹងបញ្ហាកង្វះទីផ្សារ ។  

ទន្ទឹមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចទិញផ្លែមៀន ចំនួន២១តោន ដើម្បីចែកចាយជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។

ផ្លែមៀនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញចំនួន២១តោន នឹងចែកចាយជូនខាងក្រោម៖


ទី១៖ ក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ (TYDA) និងអ្នកជំងឺកូវីដ ចំនួន ៦តោន 

ទី២៖ មន្ទីរពេទ្យរុស្ស៉ី (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន៥តោន

ទី៣៖ មន្ទីរពេទ្យជ័យជំនះ (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន៥តោន

ទី៤៖ ស្តាតអូឡាំពិក ទីកន្លែងព្យាបាលជំងឺកូវីដ១៩ (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន៥តោន

សូមបញ្ជាក់ថា ផ្លែមៀនដែលសម្តេចតេជោ ហ៊ុន សែន ទិញពីប្រជាកសិករនេះ នឹងយកទៅចែកជូនកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានាទូទាំងប្រទេសផងដែរ។










 

No comments:

Post a Comment

Pages