ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលជាតិខេត្តសៀមរាប - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, September 14, 2021

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលជាតិខេត្តសៀមរាប

នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តសៀមរាបបានរៀបចំពិធីប្រកាសលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត  អត្តលេខ ៦៥២១២ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចូលកាន់តំណែងជាស្នងការ ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលបានចូលនិវត្តន៍ ក្រោមអធិបតីរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្និបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និង មន្ត្រីរាជការជុំវិញខេត្ត។


ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជឿជាក់យ៉ាងមោះមុតថា ក្នុងកម្មវិធីប្រកាសតែងតាំងនៅថ្ងៃនេះ យើងអាចថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាព នយោបាយនៃខេត្តសៀមរាបទាំងមូលឲ្យបានល្អប្រសើរថែមទៀត ក្នុងនោះឯកឧត្តម ក៏បានកោតសរសើរចំពោះលោកអតីតស្នងការ ដែលត្រូវបានចូលនិវត្តន៍ នាពេលកន្លងមកលោក បានលះបង់យ៉ាងច្រើនទាំងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារនៅផលប្រយោជន៏ជាតិនិងអនុវត្តកិច្ចការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប សំខាន់នោះ គឺការគ្រប់គ្រងកងកម្លាំង នៅស្នងការនិងអធិការនៅតាមបណ្តាក្រុង ស្រុកទាំង១២ បានល្អ ព្រមទាំងការបម្រើសេវាកម្មជូនប្រជាពលរដ្ឋបានទាន់ពេលវេលាទៀតផង។ 


ឯកឧត្តម បានបង្ហាញទៀតថា សម្រាប់ខេត្តសៀមរាបយើងនេះ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែជួបប្រទះនៅផលវិបាកផ្សេងៗដែលបណ្តាលមកវិបត្តិកូវីដ-១៩ ដែលបច្ចុប្បន្នបញ្ហាមេរោគបំប្លែងខ្លួនថ្មី (ដែលតា) គឺមានអ្នកឆ្លងហើយ ទើបរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ក្រុងសៀមរាប ចំនួនមួយសប្ដាហ៍ ក្នុងបំណងដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ខណៈដែលបច្ចុប្បន្នតួលេខអ្នកឆ្លងក្នុងក្រុងហាក់មានសន្ទុះកើនឡើងជាបន្តបន្ទាប់។ 


នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានលើកឡើង ក្នុងការជម្រុញឲ្យស្នងការឡើងកាន់មុខតំណែងថ្មី នាពេលនេះ ដែលបានឡើងសច្ចានឹងសន្យាការងារថា យើងត្រូវតែធ្វើឲ្យបានល្អនោះ បើយើងសន្យាហើយដាច់ខាតយើងត្រូវតែធ្វើឲ្យបាន មិនមែនសន្យាចោលឡើយ ហើយបើយើងចង់ឲ្យខេត្តសៀមរាបទទួលបានជោគជ័យនោះទាល់តែយើងទាំងអស់គ្នារួមរួមសាមគ្គីគ្នា ទើបសម្រេចបានលទ្ធផលល្អប្រសើរ ជាចម្បងជានោះទៅទៀតនោះ គឺលើការអនុវត្តនៅភូមិឃុំមានសុវត្ថិភាព។ 


នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបន្តទៀតថា ការសន្យាចិត្ត ប្តេជ្ញាចិត្ត គឺជាទ្រឹស្តី ប៉ុន្តែសំខាន់ចាប់ពីពេលនេះទៅយើងត្រូវអនុវត្តជាក់ស្តែង យើងជាបញ្ជាការជាន់ខ្ពស់សម្រាប់ខេត្ត យើងត្រូវចាត់ចែងគ្រប់វិស័យពាក់ព័ន្ធ និង សន្តិសុខសណ្តាប់ធ្នាប់ ត្រូវមានកិច្ចសហការណ៍ល្អជាមួយកម្លាំងក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ដើម្បីធ្វើការទាំងអស់នោះ ឲ្យបានជោគជ័យយើងមិនអាចធ្វើការម្នាក់ឯងបាននោះឡើយ។ ក្នុងឱកាលនោះដែរ ក៏មានធ្វើការប្រកាសផ្លាស់ប្តូរភារកិច្ច របស់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន ២រូបផងដែរ។


សូមបញ្ជាក់ផងដែរ កម្មវិធីប្រកាសនេះ គឺត្រូវបានរដ្ឋបាលខេត្តអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាលយ៉ាងតឹងរឹងដោយអ្នកចូលរួមត្រូវបានត្រួតពិនិត្យរកកូវីដ-១៩(តេស្តរហ័ស)មុននឹងអនុញ្ញាតឱ្យចូលរួម៕










 

No comments:

Post a Comment

Pages