រដ្ឋបាលរាជធានីភ្នំពេញ ៖ គ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់នឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ - គេហទំព័រ ស្ពានមរតក

Breaking

Friday, September 10, 2021

រដ្ឋបាលរាជធានីភ្នំពេញ ៖ គ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់នឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ

គ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់នឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ក្រោយពីខកខានអស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាតជម្ងឺកូវីដ-១៩។ ការបើកគ្រឹះស្ថានសិក្សាឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញនេះ លុះត្រាតែគ្រឹះស្ថានទាំងនោះបានបំពេញលក្ខន្តិកៈគ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿបានថាមិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។


នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ មន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។


ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គ្រឹះស្ថានទាំងរដ្ឋ និងឯកជននឹងបើកដំណើរការឱ្យចូលរៀនចាប់ពីថ្ងៃពុធទី១៥ ខែកញ្ញា ឆ្នាំ២០២១​ នេះតទៅ។ ការបើកឱ្យដំណើរការនេះបានលុះត្រាតែគ្រឹះស្ថានសិក្សាទាំងអស់បានបំពេញលក្ខខណ្ឌតិកៈគ្រប់គ្រាន់ ទាំងអនាម័យ បរិស្ថាន និងការអនុវត្តនូវវិធានរបស់ក្រសួង សុខាភិបាល សំដៅធ្វើយ៉ាងណាអាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។


ទន្ទឹមនឹងនេះ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវសហការជាមួយមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ដើម្បីធ្វើតេស្តិ៍រហ័ស ទៅលើគ្រូបង្រៀន បុគ្គលិកសិក្សាទាំងអស់ ដោយត្រូវចាប់ផ្ដើមអនុវត្តការងារនេះចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។ បើអនុវត្តតាមលក្ខន្តិកៈបានល្អប្រសើរហើយនោះ គ្រឹះស្ថានសិក្សានោះនឹងដំណើរការសិក្សាឡើងវិញបាន។


ឯកឧត្តមបញ្ជាក់ផងដែរថា ចំពោះគ្រឹះស្ថានសិក្សាឯកជនទាំងអស់គឺត្រូវធ្វើពាក្យស្នើសុំ បើកគ្រឹះស្ថានសិក្សារបស់ខ្លួនឡើងវិញ មករដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយពីរដ្ឋបាលរាជធានីភ្នំពេញពិនិត្យឃើញថា បានបំពេញនូវលក្ខន្តិកៈដែលរដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យអនុវត្តបានល្អប្រសើរហើយនោះ គ្រឹះស្ថានទាំងនោះនឹងទទួលបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យបើកដំណើរការសិក្សាជាធម្មតាឡើងវិញ។


ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ការបើកសាលារៀននេះ គឺជាជំហានដំបូងមួយនៃការបើកឱ្យដំណើរការឡើងវិញនូវវិស័យផ្សេងៗទៀត មានន័យថា បើការបើកឱ្យដំណើរការ ការសិក្សាតាមគ្រឹះស្ថានអប់រំទាំងអស់ ដំណើរការល្អហើយនោះ យើងក៏នឹងអាចបន្តបើកឡើងវិញនូវវិស័យទេសចរណ៍ជាបន្តបន្ទាប់ទៀតផងដែរ។


ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងទៀតថា ការបើកសាលារៀនទាំងឯកជន និងរដ្ឋឡើងវិញនេះ គឺដំណើរការតែសាលាចាប់ពីអនុវិទ្យាល័យ និងវិទ្យាល័យគឺថ្នាក់ទី០៧ទៅដល់ថ្នាក់ទី១២ប៉ុណ្ណោះ ហើយបើដំណើរការនេះឈានទៅរលូនហើយនោះ យើងនឹងគិតគូពីថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាបន្តទៀត៕






 

No comments:

Post a Comment

Pages