រដ្ឋបាលខេត្តឧត្តរមានជ័យ បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ខណៈ​ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តឧត្ដរមានជ័យ ចាក់វ៉ាក់សាំងបាន១១២.៣២% ទូទាំងខេត្ត - គេហទំព័រ ស្ពានមរតក

Breaking

Friday, September 24, 2021

រដ្ឋបាលខេត្តឧត្តរមានជ័យ បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ខណៈ​ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តឧត្ដរមានជ័យ ចាក់វ៉ាក់សាំងបាន១១២.៣២% ទូទាំងខេត្ត

ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃសុក្រទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ​ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត​ឧត្ដរមានជ័យ និង​ជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តឧត្ដរមានជ័យ​(គ.ប.ក.១៩.ឧជ ) អញ្ជើញជាអធិបតីភាព បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តឧត្តរមានជ័យ។


ក្នុងពិធីនេះ ក៏មានការចូលរួមពី ឯកឧត្ដម​ ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។


ឯកឧត្ដម​ ប៉ែន កុសល្យ បានបញ្ជាក់ថា ដោយអនុវត្តតាមផែនការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ ១៨ឆ្នាំឡើង ជុំទី១ នៅទូទាំងខេត្តឧត្តរមានជ័យ ចំនួនត្រូវចាក់វ៉ាក់សាំងមានចំនួន១៥៦,៤៣៦នាក់ ក្នុងនោះ៖


*ប្រជាពលរដ្ឋចំណាកស្រុក ចំនួន៣២,៥៧៦នាក់ ស្មើនឹង ២០.៨២%

*ប្រជាពលរដ្ឋមានបញ្ហាសុខភាព ចំនួន៣,១២៩នាក់ ស្មើនឹង ៥.៥៤%។


បើតាមឯកឧឧត្ដមអភិបាលខេត្ត ប្រជាពលរដ្ឋដែលត្រូវចាក់មានចំនួន ១២០,៧៣១នាក់ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ សរុបប្រជាពលរដ្ឋបានមកចាក់ដូសទី១ ហើយមានចំនួន ១៣៥,៦០៩នាក់ ស្មើនឹង ១១២.៣២% ធៀបនឹងប្រជាពលរដ្ឋដែលត្រូវចាក់ ចំនួន១២០,៧៣១នាក់។


ឯកឧត្ដម​ ប៉ែន កុសល្យ បានបន្ថែមថា ដោយពិនិត្យលើស្ថានភាពនេះ ទើបរដ្ឋបាលខេត្តគោរពស្នើសុំបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្តនាថ្ងៃនេះ និងគោរពស្នើសុំបើកដំណើរការកន្លែងចាក់វ៉ាក់សាំងអចិន្ត្រៃយ៍ចំនួន០៥កន្លែង (មួយកន្លែងក្នុងមួយក្រុង ស្រុក) ដោយរដ្ឋបាលខេត្តនឹងចេញសេចក្តីជូនដំណឹងជាផ្លូវការដើម្បីឲ្យប្រជាពលរដ្ឋដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ មកទទួលយកសេវាក្រោយពីការបិទបញ្ចប់យុទ្ធនាការនេះ តាមគោលដៅដូចខាងក្រោម៖


*ក្រុងសំរោង នៅមន្ទីរពេទ្យបង្អែកខេត្ត

*ស្រុកបន្ទាយអំពិល នៅមណ្ឌលសុខភាពគោកមន

*ស្រកចុងកាល់ នៅមណ្ឌលសុខភាពចុងកាល់

*ស្រុកអន្លង់វែងនៅមន្ទីរពេទ្យបង្អែកអន្លង់វែង

*ស្រុកត្រពាំងប្រាសាទ នៅមណ្ឌលសុខភាពត្រពាំងប្រាសាទ។


ក្នុងឱកាសនោះ លោកជំទាវ​ ឱ វណ្ណឌីន បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។


បន្ថែមពីនេះ លោកជំទាវ​ ឱ វណ្ណឌីន បានណែនាំដល់រដ្ឋបាលខេត្ដឧត្តរមានជ័យ ត្រូវបន្ដជំរុញ និងបង្កើននូវការផ្សព្វផ្សាយយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីបន្ដចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩។


ជាមួយគ្នានេះ លោកជំទាវ​ ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តកំពង់ធំសម្រេច ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោកជំទាវ​ ក៏បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់ដោយប្រការណាមួយ។


លោកជំទាវ​ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំង ត្រូវរួសរាន់មកទទួលយកនូវការវ៉ាក់សាំង ដើម្បីមានអាវក្រោះមួយជាន់ទៀត ការពារជំងឺកូវីដ-១៩។ ប៉ុន្ដែបើទោះបីចាក់វ៉ាក់សាំង បានគ្រប់ចំនួនក្ដី ក៏មិនត្រូវភ្លេចនូវវិធានការការពារខ្លួននោះទេ ពិសេសវិធានការ ៣ការពារ និង៣កុំ។


លោកជំទាវ​ ឱ វណ្ណឌីន ក៏បានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋមិនត្រូវមានការរើសអើងចំនួនប្រភេទវ៉ាក់សាំងនោះទេ ពោលវ៉ាក់សាំងទាំងអស់ដែលកម្ពុជាកំពុងមាន និងចាក់ជូនប្រជាពលរដ្ឋនេះ គឺសុទ្ធតែទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ហើយសុទ្ធតែមានប្រសិទ្ធភាពការពារជំងឺកូវីដ១៩៕






 

No comments:

Post a Comment

Pages