(ស្វាយរៀង)៖សមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យ៣នាក់ជិះរថយន្តមួយគ្រឿងបន្ទាប់ពីចូលហាងសាឡនកក់សក់ប្រើថ្នាំសណ្តំយកលុយនិងទ្រព្យសម្បត្តិជាច្រើន។
ហេតុការណ៍នេះស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២២។មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះកុយសុផាណា អាយុ៣៦ឆ្នាំជាម្ចាស់ហាងផាន់ណាសាឡននៅភូមិសង្កាត់ខាងលើ។
ម្ចាស់ហាងបានប្រាប់សមត្ថកិច្ចថា សម្ភារដែលបាត់បង់ប្រាក់ចំនួន១៧.៥០០ដុល្លារ-ចិញ្ជៀនផ្លាទីន២វង់ទម្ងន់៦ហ៊ុន-ខ្សែដៃផ្លាទីន១ជីកន្លះនិងក្រវិលមាសទំហំ១ហ៊ុនជារបស់កូន។
មុនកើតហេតុមានក្រុមជនសង្ស័យ៣នាក់បានជិះរថយន្តមិនស្គាល់ម៉ាកចូលក្នុងហាងរបស់ខ្លួនដោយប្រាប់ថាមកកក់សក់។
បន្ទាប់មកជនសង្ស័យម្នាក់បានសុំឱ្យប្រើសាប៊ូរបស់ពួកគេវិញហើយចាក់ដាក់បាតដៃឱ្យហិត។ពេលនោះខ្លួនបានវង្វេងស្មារតីក៏ដើរចូលក្នុងផ្ទះចាក់សោយកលុយទាំងអស់ដែលមានឱ្យពួកគេ។
ក្រោយពីបានលុយនិងគ្រឿងអលង្ការរួចហើយក្រុមនោះបានបើករថយន្តចេញពីហាងបាត់ទើបដឹងខ្លួនវិញបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកក្រុមគ្រួសារបានដឹកទៅមន្ទីរពេទ្យព្រោះមានអាការៈរវើរវាយខុសធម្មតាក្រោយត្រូវថ្នាំសណ្ដំរបស់ក្រុមជនសង្ស័យ។ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់៕
No comments:
Post a Comment