ភ្នំពេញ ៖ កម្មការនីរោងចក្រកាត់ដេរម្នាក់ដើរចេញពីផ្ទះជួលទៅធ្វើការរោងចក្រ ស្រាប់តែបានជួបជាមួយក្រុមចោរទម្លាក់យោង ហើយត្រូវចោរទាំងនោះល្បួងនាំនាងទៅដោះយកក្រវិល១គូ និងទូរស័ព្ទ១គ្រឿង រួចគេចខ្លួនបាត់ស្រមោលអស់ ។
ចំណែកនារីរងគ្រោះបានមកវិញនូវគ្រឿងអលង្ការកាឡៃ១កូនថង់ ប៉ុន្តែក្រោយមកនាងបានយកគ្រឿងអលង្ការកាឡៃនោះបោះចោល រួចយកតែកូនថង់ពណ៍ក្រហម១រួចកាន់ទៅប្ដឹងនគរបាលប៉ុណ្ណោះ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវ៦០ម៉ែត្រថ្មី ក្បែរស្ពានអាកាសជម្ជូវ័ន ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ ឆែម ស្រីលាស់ អាយុ២៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកសម្ភារៈដែលបាត់បង់ រួមមានក្រវិលមាស១គូ និងទូរស័ព្ទមួយគ្រឿង ។
នារីរងគ្រោះរូបនោះបាននិយាយទៀតថា នៅមុនកើតហេតុ នាងបានដើរចេញពីបន្ទប់ជួលទៅធ្វើការរោងចក្រ ខណៈពេលដើរទៅដល់ខាងមុខរោងចក្រទៅហើយ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ក្នុងនោះស្រី២នាក់ និងប្រុស២នាក់ ជិះម៉ូតូ២គ្រឿងស្ទាក់ឲ្យនាងឈប់ រួចនិយាយរឿងរើសបានកញ្ចប់មាស ។
បន្ទាប់មកបាននាំនាងទៅកន្លែងស្ងាត់ដើម្បីចែកគ្នា និងបានដោះយកក្រវិល ព្រមទាំងយកទូរស័ព្ទរបស់នាង រួចប្រគល់កូនថង់ក្រហម១ឲ្យនាង ដោយប្រាប់ថា ជាកញ្ចប់មាសដែលរើសបានមកឲ្យនាង ហើយគេចខ្លួនបាត់អស់។
នាងបានប្រាប់ទៀតថា ក្រោយជនសង្ស័យគេចខ្លួនបាត់អស់ នាងបានស្រាយមាត់ថង់មើល ឃើញសុទ្ធតែកាឡៃ ទើបដឹងថាចាញ់បោកជនសង្ស័យ និងមានការហួសចិត្តយ៉ាងខ្លាំង បន្ទាប់មកក៏យកបោះចោល និងបានយកតែកូនថង់ក្រហមទរទេទៅប្ដឹងនគរបាល។
នគរបាលបាននិយាយថា ក្រោយពេលកើតហេតុ បានទទួលពាក្យបណ្ដឹងនារីរងគ្រោះ និងបានឲ្យគាត់នាំទៅមើលកន្លែងបោះចោលគ្រឿងអលង្ការកាឡៃ ដើម្បីយកមកធ្វើជាភស្តុតាង ប៉ុន្តែពេលទៅដល់ បាត់រកមិនឃើញឡើយ សង្ស័យមានអ្នករើសយកទៅបាត់ហើយ ៕
No comments:
Post a Comment