(ភ្នំពេញ) ៖ នារីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ គ្មានបងប្អូនសាច់ញាតិនឹងគេនោះទេ ដោយនាងបានពឹងផ្អែកលើភាពកក់ក្ដៅពីប្ដី ប៉ុន្តែអ្វីដែលនឹកស្មានពុំដល់ បែរជាប្ដីចុះចោលចេញពីរូបនាងទាំងគ្មានអាល័យ ចាប់តាំងពីនាងទើបតែមានផ្ទៃពោះបាន៣ខែមកម្ល៉េះ។
លុះរហូតមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នាងក៏បានឈឺពោះសម្រាលកូន ហើយអ្នកជិតខាងបានហៅម៉ូតូកង់បីដឹកទៅកាន់មន្ទីរពេទ្យ។
ប៉ុន្តែមិនទាន់ដល់ផង ក៏ស្រាប់តែសម្រាលកូននៅតាមផ្លូវតែម្តង។
ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវចោមចៅ កែងនឹងផ្លូវបេតុងភូមិថ្មគោល ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីកំសត់ខាងលើនោះ មានឈ្មោះ ឡី សីម៉ា ហៅ ស្រីនី អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នាងពុំបានប្រាប់អំពីអត្តសញ្ញាណ និងមុខរបរប្ដីរបស់នាងនោះឡើយ ដោយគ្រាន់តែប្រាប់ថា ប្ដីរូបនោះបានចុះចោលរូបនាងរយៈពេល៦ខែកន្លងមកហើយ។
យោងតាមប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលជិតនោះ បាននិយាយថា នារីកម្មការិនីរូបនោះនិងប្ដីបានទៅស្នាក់នៅបន្ទប់ជួលខាងលើជាង១ឆ្នាំមកហើយ ហើយក្រោយមកខណៈពេលដែលនាងមានផ្ទៃពោះបាន៣ខែ ប្ដីរបស់នាងក៏បានចុះចោលនាងទៅបាត់។
ចាប់ពីពេលនោះមក នាងបានរស់នៅពពោះតែម្នាក់ឯងគួរឲ្យអាណិត នាងបានតស៊ូធ្វើការងារទាំងមិនស្រួលខ្លួនក្នុងស្ថានភាពចាញ់កូន ស្ទើរតែមិនហ៊ានឈប់សម្រាកឡើយ ដើម្បីរកប្រាក់ចំណាយក្នុងការចាយវា.យប្រចាំថ្ងៃ។
ប្រភពដដែលបានប្រាប់បន្តថា រហូតដល់វេលាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នាងឈឺពោះ ហើយអ្នករស់នៅបន្ទប់ជិតនោះក៏បាននាំគ្នាជួយហៅម៉ូតូកង់បីដឹកទៅកាន់មណ្ឌលសុខភាពស្ទឹងមានជ័យ ដើម្បីសម្រាលកូន។ ប៉ុន្តែបែរជាត្រូវខកចិត្តយ៉ាងខ្លាំង ដោយសារតែខាងមណ្ឌលសុខភាពនោះមិនព្រមទទួលឡើយ ដោយគ្រូពេទ្យនៅទីនោះប្រាប់ថា «មិនហ៊ានទទួលទេ បន្តិចទៀតពេទ្យចុះចាក់ថ្នាំវ៉ាក់សាំងនៅតាមភូមិអស់ អត់មានអ្នកមើលទេ»។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មក ក៏បានដឹកនាងវិលត្រឡប់ក្រោយវិញទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ប៉ុន្តែពេលទៅដល់ត្រឹមខាងកើតផ្សារចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ នាងក៏ឈឺពោះកាន់តែខ្លាំងឡើងៗ ទើបនាំគ្នាឈប់ រួចរាយការណ៍ទៅកាន់ក្រុមគ្រូពេទ្យបង្អែកពោធិ៍ចិនតុង និងក្រុមសង្គ្រោះអង្គភាព៧១១ ឲ្យទៅជួយបង្កើតបានកូនស្រីម្នាក់ដោយសុវត្ថិភាព បន្ទាប់មកទើបបបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីថែទាំសុខភាពបន្តទៀត៕
No comments:
Post a Comment