ប្រជាពលរដ្ឋចំនួន៣៩០គ្រួសារនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ ) - គេហទំព័រ ស្ពានមរតក

Breaking

Thursday, November 17, 2022

ប្រជាពលរដ្ឋចំនួន៣៩០គ្រួសារនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ )

មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២២  រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ ) ជូនប្រជាពលរដ្ឋនៅភូមិជ្រៃសែនសង្កាត់មនោរម្យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុងសែនមនោរម្យ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋនៅភូមិជ្រៃសែន ដែលពិធីនេះធ្វើឡើងនៅសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ។


ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសូរិយោដីខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដែលបានជំរុញការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ សម្រេចបានលទ្ធផលគួរជាទីមោទនៈនាពេលនេះ ។

ឯកឧត្តមបានបញ្ជាក់ថា នេះគឺជាការចែកបណ្ណកម្មសិទ្ធិលើកទី ១២ សម្រាប់ខេត្តមណ្ឌលគិរី ដើម្បីផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋទូទៅដោយពុំមានប្រកាន់ពូជសាសន៍ ពណ៌សម្បុរ បក្សពួក ឬនិន្នាការនយោបាយឡើយ  ។ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ ) ដែលជាលទ្ធផលនៃការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីនៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលស្ដីពីការពង្រឹងនិងការគ្រប់គ្រងការចុះបញ្ជីដីធ្លី ដើម្បីធានានូវការកាន់កាប់ប្រើប្រាស់កម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ និងការបង្កលក្ខណៈសម្បត្តិងាយស្រួលដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការចាត់ចែង គ្រប់គ្រង ប្រើប្រាស់អាស្រ័យផលទៅលើកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ខ្លួន ។ ការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ក៏នឹងចូលរួមកាត់បន្ថយទំនាស់ដីធ្លី វិវាទសង្គម និងបង្កលក្ខណៈងាយស្រួលដល់អាជ្ញាធរក្នុងការគ្រប់គ្រង ការអភិវឌ្ឍ ដីធ្លីនៅមូលដ្ឋានផងដែរ ។


ឯកឧត្តម ថង សាវុន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវសម្អាតបរិស្ថាននៅជុំវិញផ្ទះឲ្យបានស្អាត ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ  មិនត្រូវលក់ដូរ ឬ រំលោភលើដីចំណីផ្លូវសាធារណៈ ដែលធ្វើឲ្យបាត់បង់សោភ័ណភាពក្រុងរបស់យើងឡើយ ។ ដោយឡែក ឯកឧត្តមក៏បានស្នើ ដល់ប្រជាពលរដ្ឋដែលមិនទាន់មានឬបាត់អត្តសញ្ញាណប័ណ្ណ អត្តសញ្ញាណប័ណ្ណផុតសុពលភាព ត្រូវរួសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណឡើងវិញ ដើម្បីទទួលបានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខ ។ ក្រៅពីនេះ សូមប្រជាពលរដ្ឋទាំងអស់ បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសបន្តបន្ទាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ 


យោងតាមរបាយការណ៍របស់លោក លឹម ចាន់សូភី ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្ត បានឱ្យដឹងថា ខេត្តមណ្ឌលគិរី បានវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួន ១២ ភូមិ ស្មើនឹង ៤៨២៧ បណ្ណ  ហើយសម្រាប់ភូមិជ្រៃសែន មានចំនួន៣៩០ គ្រួសារ មានចំនួន ៤៦១ក្បាលដី ស្មើនឹងជាង ១៥០ ហិកតា ៕










 

No comments:

Post a Comment

Pages