ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបៀបវារៈ ១.ផ្សព្វផ្សាយសេចក្តីសម្រេចលេខ០៥៥/២២ សសរ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារគ្រង់គ្រងត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
២.របាយការណ៍វិឌ្ឍនភាព នៃការត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងការចុះពិនិត្យបទល្មើសដែលធ្វើឱ្យខូចខាតទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីតតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់សាលាខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត។
តាមការរាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានបញ្ចាក់ឱ្យដឹងថា ក្រោយពីការប្រគល់ទទួលផ្លូវ ៣៧ខ្សែក្នុងក្រុងព្រះសីហនុ ដែលបានប្រគល់ឱ្យមន្ទីរសាធារណការ នឹងដឹកជញ្ជូនជាអ្នកគ្រប់គ្រង។ ហើយគិតមកដល់ខែកញ្ញា ឆ្នាំ២០២២នេះ ការខូចខាតទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីតតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ មានរហូតដល់ ៦,២០០ម៉ែត្រការ៉េ លើទីតាំងចំនួន ៩៩៣ ទីតាំង លើខ្សែផ្លូវចំនួន ២៦ខ្សែ ដោយត្រូវទាមទារឱ្យក្រុមការងារត្រូវធ្វើការជួសជុលឡើងវិញ ដើម្បីបរិស្ថាន សោភ័ណភាពក្រុងព្រះសីហនុ។
លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ក្រោយពីការបានស្តាប់របាយការលើកឡើងពីមន្ត្រីជំនាញរួមមក លោកអភិបាលរងខេត្តបានធ្វើការណែនាំ និងឯកភាពការចុះអង្កេតអនុវត្តជាក់ស្តែង ដោយមានវត្តមានម្ចាស់ទីតាំងមួយចំនួនបានចូលរួមឯកភាពតាមការណែនាំរបស់ក្រុមការងារ ហើយម្ចាស់ទីតាំងមួយចំនួនព្យាយាមមិនទទួលខុសត្រូវ ប៉ុន្តែប្រសិនបើយោគយល់ហេតុផលរបស់ពួកគាត់ធ្វើឱ្យការងារការជួសជុលការ៉ូឡារបស់យើងមានការយឺតយ៉ាវ ដូច្នេះយើងត្រូវយកគោលការជាក់លាក់ នៅគ្រប់ម្ចាស់ទីតាំងដែលបានធ្វើឱ្យខូចខាតត្រូវទទួលខុសត្រូវនៅលើទីតាំងរបស់ខ្លួន ហើយម្ចាស់ទីតាំងនីមួយៗត្រូវធ្វើជាភ្នែកឱ្យរដ្ឋបាលខេត្ត ក្រុងក្នុងការរាយការណ៍មកក្រុមការងារ ឬអាជ្ញាធរមូលដ្ឋាន។ ទន្ទឹមនោះយើងត្រូវពន្លឿនការងារជួសជូលការ៉ូឡានៅតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថានទីក្រុងរបស់យើងកាន់តែល្អស្អាត។
ក្នុងឱកាសនោះលោកអភិបាលរងខេត្ត ក៏បានធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋចូលរួមសហការថែរក្សាសម្បត្តិសាធារណៈរបស់រដ្ឋមានដូចជា ទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីតតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ និងតាមទីតាំងរបស់ខ្លួន។
No comments:
Post a Comment