លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជេីញជាអធិបតីក្នុងពិធីបេីកព្រឹត្តិការណ៍ បុណ្យរដូវរំហេីយ តាមរយៈ ការប្រឡងដាល់អំបុក និងបង្ហើរខ្លែង ជ្រោមជ្រែងប្រពៃណីខ្មែរ នៅខេត្ដកំពង់ឆ្នាំង នាព្រឹក ថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញេីរសាកសួរសុខទុក្ខពីសំណាក់សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋទាំងអស់ ដោយសេចក្តីនឹករលឹក ។
តាមកម្មវិធីការប្រកួតនេះមានរយៈពេល ២ថ្ងៃ នៅពេលយប់មានការប្រគុំតន្ត្រីសម័យ និងបុរាណ ការសម្តែងចាប៉ីដងវែង និងល្បែងកម្សាន្តជាច្រេីនទៀត ដែលនឹងបង្ករឲ្យកាន់តែមានភាពសប្បាយរីករាយថែមមួយកម្រិតទៀត ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
ពិធីប្រឡងដាល់អំបុក និងបង្ហេីរខ្លែង ដែលជាប្រពៃណីជាតិ បានប្រារព្ធធ្វេីឡើងនៅថ្ងៃទី ១៧និង ១៨ខែធ្នូ ឆ្នាំ ២០២២ នៅក្នុង ភូមិ ដំណាក់កកោះ ឃុំ ពោធិ៍ ស្រុកកំពង់លែង ក្រោមការឧបត្ថម្ភពីមូលនិធិ អ៉ឹងហ្វោនដេសិន (ING FOUNDATION) ដែលដឹកនាំដោយ លោកឧកញ៉ា អ៊ឹង ប៊ុន ហូ វ និង លោកជំទាវ ព្រមទាំង ក្រុមការងារ ដែលមាន បេក្ខជន បេក្ខនារី មកពី ក្រុមសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងនិងមានការ ចូលរួមពីលោកគ្រូ អ្នកគ្រូ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋប្រមាណជាង ២.៧០០នាក់ ផងដែរ ។
សូមរំលឹកផងដែរថា បច្ចុប្បន្នតំបន់នេះបានក្លាយទៅជាតំបន់ ទេសចរណ៍ធម្មជាតិ ព្រោះថា តំបន់នេះគឺជា តំបន់ភ្នំទូកមាស ដែលមាន ព្រៃឈើ ធម្មជាតិ ដ៏ ស្រស់បំព្រង មានប្រាសាទពណ្ណរាយ ប្រាសាទប្រុស (សក្ល) ប្រាសាទស្រី ប្រាសាទស្លុតតី ឬថ្នមប្តី ដែលបានទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ត និងបានចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋនៅក្នុង ឃុំពោធិ៍ និង ឃុំច្រណូក នៃ ស្រុក កំពង់លែងឲ្យមានជីវភាពធូរធារថែមមួយកម្រិតទៀត ។
លោកជំទាវក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សា និងអភិរក្សនូវប្រពៃណីពីដូនតាបានបន្សល់ទុក្ខដល់បច្ចុប្បន្ន ដេីម្បីចូលរួមលេីកស្ទួយមរតកប្រពៃណីជាតិ៕
No comments:
Post a Comment