រដ្ឋបាលស្រុកមុខកំពូល រៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដើម្បីឆ្លើយតបនឹងគម្រោងដែលជាតម្រូវការរបស់ប្រពលរដ្ឋនៅមូលដ្ឋាន - គេហទំព័រ ស្ពានមរតក

Breaking

Saturday, December 3, 2022

រដ្ឋបាលស្រុកមុខកំពូល រៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដើម្បីឆ្លើយតបនឹងគម្រោងដែលជាតម្រូវការរបស់ប្រពលរដ្ឋនៅមូលដ្ឋាន

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលស្រុកមុខកំពូល រៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដើម្បីឆ្លើយតបនឹងគម្រោងដែលជាតម្រូវការរបស់ប្រពលរដ្ឋនៅមូលដ្ឋាន ក្រោមអធិបតីភាព លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល។ 


លោក សោម ផល្លា អភិបាលរងស្រុកមុខកំពូល លើកឡើងថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម ផែនការអភិវឌ្ឍន៍ឃុំ-ស្រុក នៅថ្នាក់ ស្រុក នាឱកាសនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល (២០២៣- ២០២៥) របស់រដ្ឋបាលស្រុក។ ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់រដ្ឋបាលឃុំ ទាំង៧ សម្រាប់អនុវត្តនៅឆ្នាំ២០២៣។ សម្របសម្រួល និងធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ស្រុក ជាមួយនឹងគម្រោង នៃកម្មវិធីវិនិយោគរបស់ឃុំ និងដើម្បីស្នើសុំការ គាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោង នានារបស់រដ្ឋបាលឃុំ-ស្រុក។ 


លោកអភិបាលរងស្រុក បានឱ្យដឹងថា  គម្រោងដែលបានស្នើឡើង ពីសកម្មភាពអាទិភាពរបស់រដ្ឋបាលស្រុកមុខកំពូលឆ្នាំ២០២៣-២០២៥ ដែលបានលើកឡើង ក្នុងឆ្នាំ២០២២ មាន៖ ១៧៤ គម្រោង ដែល ចែកចេញជា ៧ វិស័យមាន៖ វិស័យកសិកម្ម ២៤ វិស័យអាជីវកម្ម ៥៣ គម្រោង វិស័យវិស័យអប់រំ ២០ គម្រោង វិស័យសុខភាព ១៦ គម្រោង វិស័យភាពងាយរងគ្រោះ ៥ គម្រោង វិស័យបរិស្ថាន ២០ គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ៣៦ គម្រោង ។ 


ថ្លែងនៅក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលថ្នាក់ក្រុង-សង្កាត់ នៃរដ្ឋបាលស្រុកមុខកំពូល លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយអង្គការដៃគូនានា និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំទ្រគម្រោង របស់ឃុំដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ ។ 


បន្ថែមពីលើនេះ លោកអភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដែលបានចុះកិច្ចសន្យាជួយគាំទ្រ ត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះ បញ្ចូលទៅក្នុងផែនការសកម្មភាព ប្រចាំឆ្នាំ ២០២៣ របស់ខ្លួន និងខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព រាល់គម្រោងដែលមិនបានអនុវត្ត ត្រូវផ្តល់ព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាស្រុក  បញ្ហាសំខាន់គឺចំពោះគម្រោងដែលគ្រប់សង្កាត់បានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះ មិនទាន់ទទួលបានការគាំទ្រនោះទេ គឺត្រូវបន្តការពិភាក្សា ឬសម្របសម្រួលគ្នាសម្រាប់ ទទួលបានការគាំទ្រនៅពេលក្រោយទៀត។        


ជាលទ្ធផលនៃសិក្ខាសាលានេះគំរោងរបស់ស្រុកមុខកំពូល ដែលទទួលការគាំទ្រ សរុបមានចំនួន ១៣៦ លើ១៧៤ ស្មើនឹង៧៨,១៦%។











 

No comments:

Post a Comment

Pages