ភ្នំពេញ ៖ នៅ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បើតាម អាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងព័ត៌មានបឋមថា មេតុងទីនអនឡាញដ៏ល្បីល្បាញ មួយរូប គឺអ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនហើយ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ។
ជាការកត់សម្គាល់ អ្នកនាង អឿន ម៉ូលីកា ដែលជាអតីតតារាចម្រៀងមួយរូប បានសម្រាកពីសិល្បៈ ហើយបានងាកមករកស៊ីជាអ្នកលក់អនឡាញវិញ ។ បន្ទាប់មក អ្នកនាង បានប្រកាសបើកធ្វើជាមេតុងទីនធំតាមអនឡាញតែម្ដង ធ្វើអោយមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយសារអ្នកនាងតែងតែបង្ហាញប្រាក់ដុល្លារអាមេរិកទាំងបាច់ៗ រាប់សិបលានដុល្លារនៅលើបណ្ដាញសង្គម ។
បន្ទាប់ពីធ្វើជាមេតុងទីនធំតាមអនឡាញ មិនទាន់បានប៉ុន្មានផង ស្រាប់តែអំឡុងចុងខែវិច្ឆិកា ឆ្នាំនេះ អ្នកនាង អឿន ម៉ូលីកា បានប្រកាសក្ស័យធនអស់ហើយ ។
អ្នកនាង អឿន ម៉ូលីកា បានរៀបរាប់ថា «ទោះកូនរត់ កូនបោក កូនបន្លំ កូនមិនមានទំនួលខុសត្រូវ សងលុយខ្ញុំមកវិញ ខ្ញុំនៅតែយាយពាក្យដដែលថា នឹងនៅរកលុយសងកូនៗរងគ្រោះទាំងអស់ មិនអោយបាត់សូម្បី១$ឡើយ។ ខ្ញុំសុខចិត្តលក់ឡាន លក់របស់របរសង ទាល់តែអស់ហើយនៅថា ខ្ញុំបោកទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពីបងប្អូនឡើយសុំត្រឹមទុកពេលឱ្យខ្ញុំរកពីចំណុចសូន្យ មកវិញ ដើម្បីសងបងប្អូនដែលមិនទាន់បានលុយ ហើយបងប្អូនអាចមកធ្វើឯកសារបានដើម្បីទំនុកចិត្ត មនុស្សណា ដែលចង់បានជីវិតធ្លាក់មកដល់ចំណុចហ្នឹងគឺគ្មានទេ ។
មនុស្សណា ដែលចង់ឱ្យគេបោក មនុស្សណា ដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណាចង់បានជីវិតបែបនេះទេ គ្មាននរណាចង់ខុសទេ ចឹងសូមបងប្អូនអនុគ្រោះ ឈប់បន្តរការជេរ ការវាយប្រហារ ការផុស ចំពោះរូបខ្ញុំទៀតផងចុះ ។
ខ្ញុំក្ស័យធន នឹងតុងទីនហ្នឹងអស់ហើយ ហើយមិនបានបោកបងប្អូនណាទេ បើមិនជឿអាចមកឆែកកុង ABA និងឆែកមើលបានថា ខ្ញុំសល់អីខ្លះនៅពេលនេះ បាត់បង់អីខ្លះនៅពេលនេះ ខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែលដែលហើយសួរថា លុយបាត់ទៅណាអស់ គឺលុយកូនដេញហើយរត់មិនបង់ កូនបន្លំ ABA edit ABA ហើយខ្ញុំនិងមិនឱ្យពួកវារួចខ្លួនដែរ ខ្ញុំនឹងចាត់ការតាមច្បាប់ទារពួកវាឱ្យបានឱ្យអស់ដើម្បីបានលុយមកអោយកូនទុងទីនលឿនៗ ។ ខ្ញុំសូមទោសកូនតុងទីនទាំងអស់ដែលខ្ញុំមានការធ្វេសប្រហែសខ្លាំងក្នុងការគ្រប់គ្រងខ្សែតុងទីនមួយរយៈក្រោយនេះ» ៕
No comments:
Post a Comment