ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាផ្ដល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផល ដំណាក់កាលទី២ នៃការរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង - គេហទំព័រ ស្ពានមរតក

Breaking

Thursday, March 16, 2023

ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាផ្ដល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផល ដំណាក់កាលទី២ នៃការរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក អភិបាលរង ឡុង ឌីម៉ង់ និងលោក ឃាង ភារម្យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាផ្ដល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផល ដំណាក់កាលទី២ នៃការរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋមន្ត្រី លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងពាក់ព័ន្ធ វិទ្យាស្ថានUPDIS និងក្រុមជំនាញការ សរុប ៩៥ នាក់ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាល បានមានប្រសាសន៍លើកឡើងអំពីក្របខ័ណ្ឌស្ថាប័ន និងប្រព័ន្ធគោលនយោបាយ (1+1+N) ដែលពាក់ព័ន្ធនឹង៖ ការរៀបចំឯកសារគតិយុត្តរួម១សម្រាប់គាំទ្រនយោបាយរបស់ខ្លួន, គោលនយោបាយឧស្សាហកម្ម១ ដែលនឹងឆ្លើយតបទៅនឹងគោលនយោបាយរួមក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, និងគោលនយោបាយពិសេសនានាលើការលើកទឹកចិត្តដើម្បីគាំទ្រដល់ដំណើរការទាំងអស់។ បន្ថែមពីនេះ ទៅលើការរៀបចំក្របខណ្ឌស្ថាប័ន ឯកឧត្តអភិបាល បានលើកឡើងអំពីបទពិសោធន៍ជោគជ័យ នៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការធ្វើឯកជនភាវូបនីយកម្មនៅក្នុងវិស័យមួយចំនួនផងដែរ។


ក្រោមការដឹកនាំរបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងបានផ្តល់មតិយោបល់ប្រកបដោយសារៈសំខាន់ទៅតាមជំនាញរៀងៗខ្លួន ដើម្បីឱ្យក្រុមការងារវិទ្យាស្ថាន UPDIS ធ្វើការកែសម្រួលសេចក្តីព្រាងរបាយការណ៍ផែនការមេ ដើម្បីឱ្យកាន់តែល្អប្រសើរ។

ក្រុមការងារបានទទួលយកការលើកឡើង និងអនុសាសន៍ណែនាំរបស់ឯកឧត្តមប្រធាន ដើម្បីចងក្រងប្រមូលយកធ្វើជាធាតុចូល ក្នុងការកែសម្រួលឱ្យរបាយការណ៍គោលមានលក្ខណៈកាន់តែស៊ី

ជម្រៅ មានសង្គតិភាព និងគុណភាពកាន់តែល្អប្រសើរ ប្រកបដោយបរិយាបន្ន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងពេលបច្ចុប្បន្ន និងពេលអនាគតបន្ថែមទៀត។


ជាកិច្ចបញ្ចប់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានធ្វើការបូកសរុប និងកំណត់ចក្ខុវិស័យព្រមទាំងផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមការងារបង្កើនការយកទុកចិត្តទុកដាក់ទៅលើការសិក្សា សមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍនីមួយៗ ព្រមទាំងធ្វើការកំណត់ឱ្យបានច្បាស់លាស់អំពីតួនាទីនៃទីតាំង និងតំបន់នីមួយៗផងដែរ។





 

No comments:

Post a Comment

Pages