ឯកឧត្តម អ៊ី ឈាន អញ្ជើញអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, June 28, 2023

ឯកឧត្តម អ៊ី ឈាន អញ្ជើញអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន

ប៉ៃលិន៖ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន ចំនួន ១១៥៨នាក់ ។


នាឱកាសនោះដែរ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករឭក ក្នុងមនោសញ្ចេតនាស្រឡាញ់យកចិត្តទុកដាក់ ប្រកបដោយភាពកក់ក្តៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ និងក៏សូមយកឱកាសនេះ លំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធរបស់យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ហើយការលះបង់ និងគុណបំណាច់ដ៏មានតម្លៃធំធេងទាំងនេះ នឹងស្ថិតនៅក្នុងការចងចាំរបស់ប្រជាជន និងយុវជនកម្ពុជាគ្រប់ៗជំនាន់ ដោយមិនអាចបំភ្លេចបានទ្បើយ ។


ឯកឧត្តមរដ្ឋលេខាធិការ ក៍បានមានប្រសាសន៍ចូលរួមអបអរសាទរចំពោះការប្រារព្ធខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ព្រមជាមួយនឹងការបំពាក់គ្រឿងឥស្សរិយយសជូនដល់បងប្អូនអតីតយុទ្ធជន នៅខេត្តប៉ៃលិន ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជន ដោយនៅក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រកន្លងមកនេះ បងប្អូនអតីតយុទ្ធជន បានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន និងប្រកបដោយទឹកចិត្តស្នេហាជាតិ និងបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្តជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។


ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាអ្នកបញ្ចប់សង្គ្រាម និងប្រឆាំងសង្គ្រាម ដោយបានងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ និងបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ រហូតប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងភាពសុខសាន្តសម្បូរសប្បាយរុងរឿង ដូចពេលបច្ចុប្បន្ន ដូចនេះសូមប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ត្រូវចងចាំនូវអតីតកាល ដែលជាតិខ្មែរធ្លាប់រងគ្រោះ ហើយត្រូវខិតខំធ្វើយ៉ាងដើម្បីដើរចៀសឱ្យផុតពីសង្គ្រាម និងជម្លោះបែកបាក់ ព្រមទាំងរួមសាមគ្គីគ្នាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ៕





 

No comments:

Post a Comment

Pages