ខេត្តរតគិរី៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំឃាត់ខ្លួន កាលពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង០៥នាទី នៅចំណុចមាត់ទន្លេក្បែរការដ្ឋានទី២ថ្មី (ក្រុមហ៊ុនចម្ការចេកហ័ងអញ់អណ្ដូងមាស )ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី សមត្ថកិច្ចរកឃើញគោលមួយក្បាលត្រូវគេពន្លះយកសាច់។
ក្រោយពីបានទទួលសេចក្ដីរាយការណ៍តាមទូរស័ព្ទពីម្ចាស់គោ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអង្ក្រង បានចុះទៅស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចុះឃាត់ខ្លួន។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ កែវ ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយ ខេត្ត កំពង់ធំ និងមានទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី។
ចំណែកម្ចាស់សត្វគោឈ្មោះ ញឹម សំអុល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ២ ឃុំស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី។
សម្ភារបានដកហូតរួមមាន៖
១-កាំបិតបុ័ងតោ ចំនួន ១
២-កូនកាំបិតតូចចំនួន ០១
៣-សាច់គោ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពលួចដឹកគោយកទៅកាប់ ពិតប្រាកដមែន។ ចំពោះអ្នកចូលរួម ធ្វើសកម្មភាពមានគ្នាចំនួន ២នាក់ទៀតហើយបានរត់គេចខ្លួនបាត់ ករណីនេះសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ជនសង្ស័យនេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕
No comments:
Post a Comment