ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីយន្តការដោះស្រាយបណ្តឹងពលករទេសន្តរប្រវេសន៍ ដោយផ្តោតលើវិស័យនេសាទ និងកែច្នៃអាហារ - គេហទំព័រ ស្ពានមរតក

Breaking

Monday, August 21, 2023

ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីយន្តការដោះស្រាយបណ្តឹងពលករទេសន្តរប្រវេសន៍ ដោយផ្តោតលើវិស័យនេសាទ និងកែច្នៃអាហារ

កោះកុង÷ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោក ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ក្នុងការអនុវត្តកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីយន្តការដោះស្រាយបណ្តឹងពលករទេសន្តរប្រវេសន៍ ដោយផ្តោតលើវិស័យនេសាទ និងកែច្នៃអាហារសមុទ្រ។


លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានលោក លោកស្រី អ្នកនាងកញ្ញា ដែលអញ្ជើញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើដូរមនុស្សខេត្ត (គ.ខ.ប.ជ.) ស្នងការដ្ឋាននគរបាល មន្ទីរ អង្គភាពជំនាញថ្នាក់ខេត្ត និងក្រុមប្រឹក្សាឃុំសង្កាត់ក្នុងខេត្តកោះកុង រួមមាន សង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ សង្កាត់ស្ទឹងវែង ឃុំបាក់ខ្លង ឃុំពាមក្រសោប និងឃុំទួលគគីរ ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ 


ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី និងអង្គការអន្តរជាតិខាងការងារ ដែលបានសហការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ។ ខេត្តកោះកុង មានច្រកទ្វារព្រំដែនអន្តរជាតិចាំយាមសម្រាប់ឆ្លងចេញ-ចូលប្រទេសថៃ។ តាមរយៈច្រកអន្តរជាតិនេះ យើងអង្កេតឃើញថា មានពលករទេសន្តរប្រវេសន៍កម្ពុជាបានឆ្លងចេញ ចូលទៅធ្វើការនៅប្រទេសថៃ ទាំងទៅស្របច្បាប់ និងពលករមួយចំនួនឆ្លងចូលទៅធ្វើការដោយពុំមានឯកសារគ្រប់គ្រាន់។ រដ្ឋបាលខេត្តកោះកុង បានស្វាគមន៍ គាំទ្រ និងសហការជាមួយអង្គការជាតិ និងអង្គការអន្តរជាតិក្នុងការអនុវត្តកម្មវិធី និងសកម្មភាពនានាទាក់ទងនឹងទេសន្តរប្រវេសន៍ការងារ ដែលក្នុងនោះ ការលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានគតិយុត្តិពាក់ព័ន្ធការធ្វើទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព និងការធ្វើសមាហរណកម្ម ពិសេសការផ្សព្វផ្សាយអំពីពត៌មានទីផ្សាការងារក្នុងស្រុកដល់ពលករដែលបានវិលត្រឡប់មកវិញ។ កម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍(Ship to Shores) ក៏ត្រូវបានអនុវត្តផងដែរនៅខេត្តកោះកុង តាមរយៈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍(MRC) ដែលអនុវត្តដោយសហភាពការងារកម្ពុជា (CLC) ។ 


MRC នេះ ត្រូវបានបង្កើត និងប្រកាសឱ្យដំណើការនៅថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងជួយសម្របសម្រួល គាំទ្រ និងផ្តល់ព័ត៌មានទាក់ទងនឹងការធ្វើទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងជួយសម្របសម្រួលដល់ពលករ ឬគ្រួសារពលករដាក់ពាក្យបណ្តឹងក្នុងករណីមានបញ្ហា ឬមានវិវាទការងារកើតឡើង។

ក្រោមជំនួយបច្ចេកទេសពីអង្គការ ILO មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ បានធ្វើការបណ្តុះបណ្តាលជនបង្គោលចំនួន ៤៣នាក់ (ស្រ្តី២២នាក់) មកពី សង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ សង្កាត់ស្ទឹងវែង និងស្រុកមណ្ឌលសីមា ស្តីពីការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងសិទ្ធិការងារ សម្រាប់ធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ បានចំនួន៥៨០នាក់(ស្រ្តី២៦០នាក់) ។


ជាមួយគ្នានេះ MRC និងជនបង្គោល បានចុះទៅធ្វើការផ្សព្វផ្សាយអំពីការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព សិទ្ធិការងារ និងការធ្វើទេសន្តរប្រវេសន៍ដោយភាពប្រថុយប្រថាន និងងាយរងគ្រោះ ដល់ប្រជាពលរដ្ឋ និងពលករដែលបានវិលត្រឡប់មកវិញនៅតាមវេទិកាសហគមន៍បានចំនួន១៩៧នាក់(ស្រ្តី៨៤នាក់) និងបានផ្តល់ប្រឹក្សាយោបល់ដល់ប្រជាពលរដ្ឋដែលមានបំណងទៅធ្វើការនៅបរទេស ពលករ យុវជន និស្សិតសកលវិទ្យាល័យ និងសមាជិកសហគមន៍បានចំនួន១២៩៤នាក់ (ស្រ្តី៩០១នាក់)។

ការធ្វើទេសន្តរប្រវេសន៍ការងារទៅក្រៅប្រទេស ជាពិសេសទៅប្រទេសថៃ នៅតែជាបញ្ហាប្រឈមនៅឡើយចំពោះពលករទេសន្តរប្រវេសន៍ដែលបាននិងកំពុងធ្វើទេសន្តរប្រវេសន៍ដោយពុំមានឯកសារគ្រប់គ្រាន់។ គោលនយោបាយរបស់រាជរដ្ឋាភិបាល បានផ្តល់ឱកាសការងារនៅក្រៅប្រទេសដោយស្របច្បាប់ជូនដល់ពលករទេសន្តរប្រវេសន៍កម្ពុជាទាំងអស់ ទៅធ្វើការប្រកបដោយសុវត្ថិភាព សុខដុមនីយកម្ម ដើម្បីទទួលបានចំណេះដឹងបន្ថែម ការអភិវឌ្ឍន៍ជំនាញ និងការបង្កើនប្រាក់ចំណូលសមរម្យសម្រាប់លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងការរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។ ប៉ុន្តែអ្វីដែលកំពុងកើតជាបញ្ហានោះគឺ ការធ្វើទេសន្តរប្រវេសន៍ការងារទៅបរទេសដោយភាពប្រថុយប្រថាន ភាពងាយរងគ្រោះ និងតាមរយៈមេខ្យល់ ដែលអាចប្រឈមនឹងផ្លូវច្បាប់នៃប្រទេសគោលដៅ ការកេងប្រវ័ញ្ចពលកម្ម ការជួញដូរមនុស្ស និងការទទួលបានប្រាក់ឈ្នួលមិនពេញលេញ។


លោក ស្រេង ហុង សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃនេះ ពិតជាមានសារៈសំខាន់ និងផ្ដល់ការយល់ដឹងបន្ថែមទៀតសម្រាប់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ.) មន្ទីរ អង្គភាពជំនាញ និងក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឈានទៅដល់ការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តនៅថ្នាក់ខេត្ត និងផ្សព្វផ្សាយអំពីយន្តការដោះស្រាយបណ្តឹងពលករទេសន្តរប្រវេសន៍ដោយផ្តោតលើវិស័យនេសាទ និងកែច្នៃអាហារសមុទ្រ ទៅតាមភារកិច្ចរៀងៗខ្លួន។ ក្នុងនាមគណៈអភិបាលខេត្ត លោកសូមសម្ដែងនូវការប្ដេជ្ញាចិត្តក្នុងការដឹកនាំ

និងសម្របសម្រួលការអនុវត្តសកម្មភាពនៅថ្នាក់ខេត្ត ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗរបស់ពលករឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត ជាពិសេសក្នុងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យស្វែងរកការងារធ្វើនៅក្នុងស្រុកដែលប្រទេសកម្ពុជាបាននឹងកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ តែបើទៅធ្វើការនៅបរទេសត្រូវតែទៅធ្វើការតាមរយៈប្រព័ន្ធ ស្របច្បាប់ ដែលហៅថា តាមប្រព័ន្ធ MOU ៕





 

No comments:

Post a Comment

Pages