ប្រតិបត្តិការនេះបានធ្វើក្រុមការអនុវត្តតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំផ្ទាល់របស់នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញបានចុះបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា នៅខេត្ដកំពង់ស្ពឺ និងខេត្ដព្រះសីហនុ រកឃើញគ្រឿងញៀនជិត៥គីឡូ និងឃាត់ខ្លួនជនសង្ស័យបាន៥នាក់ ខណៈដែលអាជ្ញាធរទើបទម្លាយចេញនៅថ្ងៃទី០៧កញ្ញានេះ...។
ប្រតិបត្ដិការនេះ ធ្វើឡើងនៅថ្ងៃទី០៥កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២ៈ៣០នាទី ដោយមានការសម្របសម្រួលពីលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ ចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា៖ ទីតាំងទី១ នៅចំណុចផ្លូវល្បឿងលឿនK27+ (+100)ភូមិរំលោង ឃុំវល្លិ៍-ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទីតាំងទី២ នៅចំណុចផ្លូវលេខ១១៥ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងការបង្ក្រាបនោះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ រួមមាន ទី១៖ ឈ្មោះ គ័ង ហ្ស៊ូសៀន KUANG ZUXIAN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន, ទី២ ឈ្មោះ យ៉ាវ ស៊ីភីង YAO XIPING ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ,ទី ៣ ឈ្មោះ លី ហ្ស៊ូ LI XU ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន, ទី៤ ឈ្មោះ សឿន សៅរ៍ណារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ និងទី៥ ឈ្មោះ ហែម សំណាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ។
ក្នុងប្រតិបត្តិការនេះដែរ កម្លាំងជំនាញបានដកហូត មេតំហ្វេតាមីន(MDMA) ទម្ងន់៣,៥០ក្រាម, មេតំហ្វេតាមីន(WY) ទម្ងន់៨,២៨ក្រាម, មេតំហ្វេតាមីន(ICE) ទម្ងន់៩,១៩ក្រាម, រុក្ខជាតិក្រៀមទម្ងន់២០,២៨ក្រាម, សរុបរួមសារធាតុញៀនទម្ងន់៤១២៥ក្រាម (ក្នុងនោះរុក្ខជាតិក្រៀមទម្ងន់២០២៨ក្រាម) និងកាំភ្លើងមួយដើម។ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនមុខសញ្ញាសេសសល់ និងមេក្លោងមកផ្តន្ទាទោសតាមច្បាប់។ បច្ចុប្បន្នជនសង្ស័យទាំង៥នាក់រួមវត្ថុតាំង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីបន្តនិតិវិធី៕
No comments:
Post a Comment