ខេត្តកណ្ដាល៖ សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះចៅអធិការវត្តព្រែកប្រាំង នៅវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ ដែលជាថ្ងៃបុណ្យមាឃបូជា ព្រះអង្គបានដឹកនាំ ព្រះសង្ឃ និងពុទ្ធបរិស័ទ និមន្តដើរហែក្បួនធម្មយាត្រា ជុំវិញព្រះមហាសក្យមុនីចេតិយ ដែលតម្កល់ព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធ នៅលើភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ និងបានបូជា គ្រឿងសក្ការៈ សូត្រធម៌ មនស្សកាថ្វាយបង្គំព្រះរតនត្រ័យ និងសម្មាទានសីល ។ ពិធីនេះក៏មានការអញ្ចើញចូលរួមផងដែរ ពីសំណាក់លោក ថន សុវណ្ណា អភិបាលស្រុកពញឮ និងមន្ត្រីរាជការជាច្រេីននាក់ទៀត។
ពិធីបុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នាថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ក្នុងថ្ងៃដ៏វិសេសនេះ គ្រប់វត្តអារាមនានា បានរៀបចំពិធីបុណ្យមាឃបូជា ដេីម្បីរំលឹកដល់មហាព្រឹត្តិការណ៍ទាំងបីធំៗ ក្នុងវិសយ័ព្រះពុទ្ធសាសនារួមមាន៖
១/ថ្ងៃប្រជុំចតុរង្គសន្និបាត គឺការប្រជុំប្រកបដោយអង្គបួននៅវត្តវេឡុវ័ន នាក្រុងរាជគ្រឹះ។
២/ ថ្ងៃព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងឱវាទបាតិមោក្ខ ដល់ព្រះអរហន្តសាវ័កទាំង១២៥០ព្រះអង្គ។
៣/ ថ្ងៃព្រះអង្គដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ នៅបាវាលចេតិយ ក្បែរក្រុងវេសាលី ។
No comments:
Post a Comment