នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន U Property Management CO., LTD បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងកោះរ៉ុង ប្រធានមន្ទីរ អង្គភាព ក្រុមហ៊ុន យូប្រធឺធី និងបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការបើកការដ្ឋាន គឺជាផ្លែផ្កាដែលកម្ពុជារបស់យើងមានសុខសន្តិភាព បានផ្តល់ឱកាសឱ្យអ្នកវិនិយោគមើលឃើញពីសមិទ្ធផល និងសម្រេចចិត្តធ្វើការបោះទុនវិនិយោគនៅលើកោះរ៉ុងសន្លឹមរបស់យើង ហើយថ្ងៃនេះជាសក្ខីភាពមួយបង្ហាញច្បាស់ពីការជឿជាក់របស់អ្នកវិនិយោគគិន បានសម្រេចចិត្តបើកការដ្ឋាននៅពេលនេះ គឺដោយសារសុខសន្តិភាព នៃការអភិវឌ្ឍរបស់កម្ពុជា ពិសេសការវិនិយោគនៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បន្តថាការបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ជាពិសេសក្រុងកោះរ៉ុងឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ និងបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ពិសេសប្រជាពលរដ្ឋក្រុងកោះរ៉ុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ការកសាងមូលដ្ឋានគ្រឹះឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានផ្តល់ការវិនិយោគឱ្យទៅក្រុមហ៊ុនអេម៉ារីយូធ្វើការវិនិយោគ ហើយនៅអំឡុងចុងឆ្នាំ២០២១ ក្រុមហ៊ុន U Property Management CO., LTD បានសហការជាមួយក្រុមហ៊ុន អេម៉ារីយូ ចាប់ដៃគ្នាធ្វើការអភិវឌ្ឍបន្តដំណើរឆ្ពោះទៅមុខ ដើម្បីអភិវឌ្ឍនឹងដោះស្រាយបញ្ហាដែលមាននៅសេសសល់នៅលើកោះរ៉ុង ការអភិវឌ្ឍនៅលើកោះរ៉ុង។ ការតាំងទីលំនៅ ការអភិវឌ្ឍ ការវិនិ យោគដាច់ដោយដុំវាជារឿងសុទ្ធតែមិនស្របច្បាប់ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាលបានផ្តល់សិទ្ធកាន់កាប់ជូនបងប្អូនរស់នៅដោយស្របច្បាប់ ដែលជាបទពិសោធន៍នៃការដោះស្រាយបញ្ហាប្រឈមនានា។ ពីមុននៅទីនេះគ្មានផ្លូវថ្នល់ គ្មានការអភិវឌ្ឍនោះទេ ពេលនេះក្រុមហ៊ុនបានធ្វើការឈូសឆាយពង្រីកផ្លូវបានធំទូលាយ។ ហើយថ្ងៃនេះសូមអបអរសាទរក្រុមហ៊ុនសម្រេចបើកការដ្ឋានអភិវឌ្ឍជាក់ស្តែងនៅចំណតទូក និងសាងសង់ផ្លូវបេតុង ក្រុមហ៊ុនទាំងពីរចាប់ផ្តើមក៏សាងសមិទ្ធផលដែលមានបណ្តាញផ្លូវបណ្តោះអាសន្នប្រទាក់ក្រឡាគ្នារួចហើយ ការបើកការដ្ឋានសាងសង់ផែសម្រាប់ការដឹកជញ្ជូនមានភាពងាយស្រួល ដើម្បីសម្រួលដល់ការអភិវឌ្ឍនៅពេលខាងមុខ។ ស្ថានភាពចំពោះមុខក្រុមហ៊ុនកសាងផែ រួចបន្តកសាងផ្លូវបេតុងជាង ៦០គីឡូម៉ែត្រ និងកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ហើយហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនត្រូវរៀបនោះ មានកំពង់ផែអន្តរជាតិ និងគម្រោងតបណ្តាញអគ្គិសនីពីកោះរ៉ុង មកកាន់កោះរ៉ុងសន្លឹម បំរើឱ្យការអភិវឌ្ឍលើវិស័យទេសចរណ៍ ក៏ដូចជាការជួយបង្កើនជីវភាពប្រជាពលរដ្ឋដែលរស់នៅលើកោះកាន់តែមានជីវភាពល្អប្រសើឡើងនៅពេលខាងមុខ។ ទន្ទឹមនោះក៏ត្រូវគិតគូរពីបញ្ហាទឹកស្អាតសម្រាប់ពេលអនាគត បំរើដល់អ្នកទេសចរ និងប្រជាពលរដ្ឋរស់នៅទីនេះជាចំបងផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា នៅលើកោះរ៉ុងសន្លឹម មិនទាន់មានមណ្ឌលសុខភាព និងសាលារៀន ហើយលោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន U Property Management CO., LTD ក៏បានយល់ព្រមជួយសាងសង់មណ្ឌលសុខភាព និងអគារសិក្សាសម្រាប់ថ្នាក់សិក្សាចំណេះទូទៅទាំងបីកម្រិតនៅទីនេះ រួមមាន៖ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងបន្ទប់ទឹក និងអាហារដ្ឋាននៅក្នុងបរិវេណសាលារៀន និងកន្លែងស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ឱ្យមានសោភ័ណភាពក្នុងបរិវេណសាលា ដើម្បីឱ្យកូនចៅរបស់អ្នកកោះរ៉ុងទទួលបានសេវាសុខាភិបាល និងការអប់រំប្រកបដោយស្តង់ដារស្របតាមកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។
ឯកឧត្តម ក៏បានថ្លែងអំណគុណបងប្អូនប្រជាពលរដ្ឋរស់នៅលើកោះរ៉ុង ដែលបានសម្រេចចិត្តបោះឆ្នោតគាំទ្រអ្នកដែលធ្វើពិតប្រាកដ អ្នកដែលថែរក្សាសុខសន្តិភាពនៅកម្ពុជាយ៉ាងពិតប្រាកដ។ រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទទួលជោគជ័យយ៉ាងត្រចេះត្រចង់នាពេលកន្លងមក ឈានទៅការរៀបចំរាជរដ្ឋាភិបាលមានភាពស្វាហាប់ ម៉ឺងម៉ាត់ក្នុងគោលដៅថែរក្សាសុខសន្តិភាព រក្សាស្ថេរភាពនយោបាយ ផ្តល់ឱកាសឱ្យប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងការបើកការដ្ឋានថ្ងៃនេះ ជាផ្នែកមួយនៃផ្លែផ្កាដោយកម្ពុជារបស់យើងមានសុខសន្តិភាព បានផ្តល់ឱកាសឱ្យអ្នកវិនិយោគមើលឃើញពីសមិទ្ធផលនៃសុខសន្តិភាពបានសម្រេចចិត្តធ្វើការបោះទុនវិនិយោគនៅលើកោះរ៉ុងសន្លឹមរបស់យើង ដែលជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីសុខសន្តិភាព នៃការអភិវឌ្ឍរបស់កម្ពុជា ពិសេសការវិនិយោគ ការអភិវឌ្ឍនៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕
No comments:
Post a Comment