អភិបាលខេត្តព្រះសីហនុប្រកាសបើកពិធីពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មរយៈពេល៥ថ្ងៃ ក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» នៅទីលានតេជោ ក្រុងព្រះសីហនុ - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, March 27, 2024

អភិបាលខេត្តព្រះសីហនុប្រកាសបើកពិធីពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មរយៈពេល៥ថ្ងៃ ក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» នៅទីលានតេជោ ក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» នៅទីលានតេជោ ក្រុងព្រះសីហនុ។


ពិធីបើកធ្វើឡើងនារល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ប្រកបដោយភាពសប្បាយរីករាយបន្ទាប់ពីមានការសម្តែងរបាំប្រពៃណីខ្មែរ ការប្រគុំតន្ត្រីចម្រៀងដែលមានអត្ថន័យពីវិស័យទេសចរណ៍ខេត្ត និងមានការអញ្ជើញចូលរួមដោយលោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ ក្រុមអ្នកវិនិយោគជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ។

   

ក្នុងឱកាសបើកលោក គួច ចំរើន មានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ដ៏មានសារៈសំខាន់នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រងនៃខេត្តព្រះសីហនុ ត្រូវបានប្រសិទ្ធនាមថា «តារារៈនាទិសនិរតី»។ ការបង្កើតនូវព្រឹត្តិការណ៍នេះ គឺក្នុងគោលបំណង៖

*ទី១. បង្កើនការទាក់ទាញទេសចរឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន និងស្នាក់នៅយូរថ្ងៃដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

*ទី២. ជម្រុញការវិនិយោគ បង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ។

*ទី៣. ជម្រុញការផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ។

*ទី៤. ពង្រឹងកិច្ចសហប្រតិបត្តិការ ជម្រុញការវិនិយោគផ្នែកទេសចរណ៍ និងពាណិជ្ជកម្មខេត្តតំបន់ឆ្នេរនៃប្រទេសកម្ពុជា វៀតណាម ថៃ ឱ្យកាន់តែរីកចម្រើន។


ក្នុងព្រឹត្តិការណ៍នេះដ៏ពិសេសពិសាលនេះ អភិបាលខេត្តអរគុណដល់ក្រសួងទេសចរណ៍បានសហការរៀបចំឡើងនូវកម្មពិធីពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជា អមដោយការតាំងពិព័រណ៍ ការប្រគុំតន្ត្រី ការសម្តែងសិល្បៈ បង្ហាញពីសកម្មភាពវប្បធម៌ផ្សេងៗ កិច្ចប្រជុំ ស្ដីពីការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្ដាខេត្តជាប់មាត់សមុទ្រនៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ (CVTEC) រយៈពេល០៥ថ្ងៃ គឺទី២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។


លោក គួច ចំរើន បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ មានតួនាទីក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការគិតគូរដល់គំរូនៃការវិនិ យោគថ្មី ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពល្អប្រសើរ។ ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទក។ អ្វីដែលសោយស្តាយខ្លាំងបំផុតនោះ ការរីកចម្រើន នៃវិស័យនេះត្រូវបានបង្អាក់ស្ទើរតែទាំងស្រុងក្នុងរយៈពេលជាង ៣ឆ្នាំចុងក្រោយដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅទូទាំងសកលលោក។ វិស័យទេសចរណ៍បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលបានដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យនេះ។

      

លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍អញ្ជើញបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយជំរុញ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការវិនិយោគពីគ្រប់មជ្ឈដ្ឋាន ពិសេសទេសចរ ធុរកិច្ចជន និងវិនិយោគិនមកពីបណ្តាខេត្តជាប់តំបន់ឆ្នេរនៃប្រទេសទាំងបី “កម្ពុជា-ថៃ-វៀតណាម” ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ (CVTEC) ត្រូវបានប្រារព្ធជាលើកដំបូងនៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ និងលើកចុងក្រោយនៅខេត្តព្រះសីហនុ ឆ្នាំ២០២៣ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម ការដឹកជញ្ជូន និងទេសចរណ៍ក្នុងខេត្តជាប់ឆ្នេរសមុទ្រប្រទេសទាំងបី ដែលមានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប (កម្ពុជា) នៅខេត្តកាម៉ៅ និងគៀងយ៉ាងរបស់វៀតណាម ព្រមទាំងខេត្តឈុនបុរី រ៉ាក់យ៉ង ចន្ទបុរី និងខេត្តត្រាត នៃព្រះរាជាណាចក្រថៃ។

  

ខ្ញុំមានសង្ឃឹមថា តាមរយៈនៃការរៀបចំ «ពិពរណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ឆ្នាំ២០២៤» នៅលើទឹកដីខេត្តព្រះសីហនុ នឹងជួយជំរុញការអភិវឌ្ឍទេសចរណ៍ខេត្តតំបន់កាន់តែរីកលូតលាស់ជំរុញកំណើនសេដ្ឋកិច្ចខេត្ត ក៏ដូចប្រទេសកម្ពុជា។






 

No comments:

Post a Comment

Pages