នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម យូ កូ កូ ឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះឯកឧត្តម U Ko Ko Hlaing បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានថ្លែងអំណរគុណដល់មីយ៉ាន់ម៉ាដែលបានផ្ដល់ទំនុកចិត្តដល់កម្ពុជា និងបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី ហើយសង្ឃឹមថា សម្ដេចនឹងទទួលបានព័ត៌មានពាក់ព័ន្ធនឹងសភាពការណ៍ថ្មីៗនៅមីយ៉ាន់ម៉ា។
ឯកឧត្តម U Ko Ko Hlaing បានថ្លែងអំណរគុណសម្ដេចតេជោ ហើយចាត់ទុកនេះជាកិត្តិយសដ៏ធំធេងដែលសម្ដេចបានអនុញ្ញាតឱ្យចូលជួបសំដែងការគួរសមនៅពេលនេះ។ ក្នុងនាមជាបេសកជនពិសេស ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ជូនចំពោះសម្ដេចតេជោ និង អបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតកន្លងទៅ អបអរសារទរសម្តេចតេជោដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា ព្រមទាំងជូនពរថ្ងៃខួបកំណើតសម្ដេចតេជោ ថ្ងៃទី៥ ខែសីហា ខាងមុខនេះផងដែរ។ ឯកឧត្តមបានអរគុណចំពោះកម្ពុជាដែលគាំទ្រមីយ៉ាន់ម៉ាក្នុងវេទិកាអាស៊ាន។ ឯកឧត្តមចាត់ទុកថា កម្ពុជា និងមីយ៉ាន់ម៉ា មានទំនាក់ទំនងមិត្តភាពអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។ ឯកឧត្តមបានរំលឹកពីទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ា នាដើមឆ្នាំ២០២២ ដែលពេលនោះឯកឧត្តមក៏បានចូលរួមក្នុងជំនួបរវាងសម្ដេចតេជោ ជាមួយឯកឧត្តម Min Aung Hlaing ផងដែរ។ ឯកឧត្តមចាត់ទុកសម្ដេចតេជោជារដ្ឋបុរសដែលចាស់ទុំជាងគេ ពោរពេញទៅដោយបទពិសោធន៍ នៅក្នុងអាស៊ាន។
ឯកឧត្តមបេសកជនពិសេស បានគូសបញ្ជាក់ថា សម្ដេចតេជោ និងកម្ពុជាបានរួមចំណែកដ៏មានតម្លៃដល់មីយ៉ាន់ម៉ា។ ឯកឧត្តម ក៏បានរំលឹកអំពីជំនួបដ៏មានសារៈសំខាន់រវាងសម្ដេចតេជោ និង ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing តាមប្រព័ន្ធវីដេអូ កាលពីខែឧសភាកន្លងទៅនេះ ដែលថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹង ពង្រីកបន្ថែមទៀតនៅទំនាក់ទំនងទ្វេភាគី និងការរួមចំណែករបស់កម្ពុជា ធ្វើឱ្យសភាពការណ៍នៅមីយ៉ាន់ម៉ាវិលមករកប្រក្រតីភាពឡើងវិញ។ ឯកឧត្តមបានជម្រាបជូនសម្ដេច អំពីសភាពការណ៍នៅមីយ៉ាន់ម៉ា ដូចជាសភាពការណ៍យោធា ការរៀបចំការបោះឆ្នោតជាដើម។ ឯកឧត្តមក៏បានជម្រាបជូនពីភាពជឿនលឿននៃវិស័យការទូតរបស់មីយ៉ាន់ម៉ា ជាពិសេសក្នុងវេទិកាអាស៊ាន និងវេទិកាតំបន់ដែលមីយ៉ាន់ម៉ាបានចូលរួម។ ឯកឧត្តមបានបញ្ជាក់ថាមីយ៉ាន់ម៉ាបានសហការយ៉ាងល្អជាមួយមជ្ឈមណ្ឌលអាស៊ាន AHA និង បានទទួលជំនួយពីកម្ពុជា នៅក្នុងអំឡុងពេលេជំងឺកូវីដ១៩ និង គ្រោះធម្មជាតិខ្យល់ព្យុះ។ ឯកឧត្តមក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះជំនួយទ្វេភាគី និង ការគាំទ្រមីយ៉ាន់ម៉ាក្នុងវេទិកាអាស៊ាន ដោយឯកឧត្តមចាត់ទុកថាបើគ្មានការគាំទ្រពីភាគីកម្ពុជានោះទេ នោះអាស៊ានពុំមានកុងសង់ស៊ីស នៅក្នុងបញ្ហាមីយ៉ាន់ម៉ានោះទេ នៅក្នុងកិច្ចប្រជុំនៅឥណ្ឌូនេស៊ីនាឆ្នាំ២០២១។
ឯកឧត្តម លើកឡើងថា មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតដោយបានត្រឹមត្រូវ សេរីនិងយុត្តិធម៌ ដើម្បីប្រែក្លាយមីយ៉ាន់ម៉ាឱ្យមានប្រជាធិបតេយ្យដោយការទទួលខុសត្រូវ។ ឯកឧត្តម សង្ឃឹមថាក្រោយការបោះឆ្នោតខាងមុខ ស្ថានភាពមីយ៉ាន់ម៉ា នឹងប្រសើរឡើង ហើយប្រទេសទាំងពីរនឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Min Aung Hlaing ដែលបានផ្ដាំផ្ញើការសួរសុខទុក្ខមកដល់សម្ដេច និងការអបអរសាទររបស់ឯកឧត្តម ក្នុងឱកាសសម្ដេចបានជាប់ឆ្នោតនិងក្លាយជាប្រធានព្រឹទ្ធសភា និងការជូនពរថ្ងៃខួបកំណើតរបស់សម្តេច។ សម្ដេចបានមានប្រសាសន៍ថានៅថ្ងៃទី៥សីហាខាងមុខនេះ កម្ពុជានិងបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែលមានប្រវែង១៨០គីឡូម៉ែត្រភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្រ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ។
សម្តេចតេជោបានអរគុណ ឯកឧត្តម U Ko Ko Hlaing ដែលបានជម្រាបជូនសម្ដេចពីសភាពការណ៍ថ្មីៗនៅមីយ៉ាន់ម៉ា។ សម្តេចតេជោ បានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនយោបាយនាពេលកន្លងមក ក្នុងការបញ្ចប់សង្គ្រាម ការចរចានានា ដែលឈានដល់ការទទួលបាននូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។ សម្ដេចបានសង្កត់ធ្ងន់ថា ការរកដំណោះស្រាយបញ្ចប់សង្គ្រាម ទាមទារឱ្យមានការចូលរួមពីភាគីទាំងអស់ ជាក់ស្តែង យើងមិនអាចចោលភាគីពាក់ព័ន្ធណាមួយឡើយ ទោះបីជាយើងមិនចង់ចរចាជាមួយក៏ដោយ ដូចករណីភាគីខ្មែរក្រហម នៅទសវត្សរ៍ឆ្នាំ១៩៨០និងឆ្នាំ១៩៩០។ សម្ដេចតេជោក៏បានស្នើសុំឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ពិចារណាលើសកម្មភាពទាំងអស់ ទាំងយោធា ទាំងនយោបាយ និងការទូត ដើម្បីស្វែងរកសន្តិភាពដោយមិនបោះបង់ចោលភាគីណាមួយ។
នៅក្នុងវេទិកាអាស៊ាន សម្ដេចសូមឱ្យភាគីមីយ៉ាន់ម៉ាគិតគូរឱ្យបានហ្មត់ចត់ក្នុងការបន្តបញ្ជូនតំណាងមិនមែននយោបាយរបស់ខ្លួន មកចូលរួមកិច្ចប្រជុំនានារបស់អាស៊ាន ចៀសវាងកុំឱ្យកៅអីនៅទំនេរ។ មីយ៉ាន់ម៉ាត្រូវរក្សាការចូលរួមវេទិកាដទៃទៀតដែលភាគីមីយ៉ាន់ម៉ាជាសមាជិក និងកំពុងមានតំណាងនៅទីនោះ ដោយត្រូវការពារនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសនានា ដែលមីយ៉ាន់ម៉ាមានទំនាក់ទំនងជាមួយ។
សម្តេចតេជោ បានអរគុណដល់ មីយ៉ាន់ម៉ា ដែលបានផ្តល់ការទុកចិត្តមកលើកម្ពុជា និង បានគូសបញ្ជាក់ថា សម្តេចបានចែករំលែកនូវបទពិសោធន៍ដែលកម្ពុជាធ្លាប់មាន ក្នុងកិច្ចខិតខំជួយនិងគាំទ្រមីយ៉ាន់ម៉ារកផ្លូវដោះស្រាយវិបត្តិបច្ចុប្បន្ន។ កម្ពុជាពុំមានផលប្រយោជន៍យុទ្ធសាស្រ្ត នយោបាយ ឬសេដ្ឋកិច្ចអ្វីនោះទេ ចំពោះការប្រឹងប្រែងជួយនេះ ។ បំណងតែមួយគត់របស់កម្ពុជា គឺមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ារងសោកនាដកម្ម និងទុក្ខវេទនាដោយសារសង្រ្គាមអូសបន្លាយ ព្រោះកម្ពុជាបានឆ្លងកាត់រួចមកហើយ ។
ជាចុងក្រោយ សម្ដេចតេជោបានស្នើឱ្យឯកឧត្តមបេសកជនពិសេស ពាំនាំនូវបណ្តាំសួរសុខទុក្ខរបស់សម្តេច ជូនចំពោះឯកឧត្តម Min Aung Hlaing និង ជូនពរឱ្យឯកឧត្តមបេសកជនពិសេសមីយ៉ាន់ម៉ា និងគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕
No comments:
Post a Comment