សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ជួបសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាមកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ - គេហទំព័រ ស្ពានមរតក

Breaking

Saturday, October 19, 2024

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ជួបសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាមកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាមកពីគ្រឹះស្ថានឧត្តមសិក្សា២៥ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់ សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាបានថ្លែងថា “ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤.៧៤២ នាក់ (ស្រី ៣.១០៦នាក់) មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ”។ ឯកឧត្តម ពិត ចំណាន បានបន្តថា “វត្តមានដ៏ឧត្តុង្គឧត្តមនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញថា សម្តេចមហាបវរធិបតី តែងតែផ្តោតការយកចិត្តទុកដាក់ និងផ្តល់សារៈសំខាន់យ៉ាងធំធេង ទៅលើយុវជន ដែលជាកម្លាំងបន្តវេន, ជាសសរទ្រូង និងជាមូលធនមនុស្សដ៏សំខាន់បំផុត ក្នុងការបន្តថែរក្សាសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព និងឯកភាពជាតិ ដើម្បីធានានិរន្តរភាពនៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងភាពកាន់តែរីកចម្រើនរុងរឿងឆ្ពោះទៅសម្រេចបានចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០”។

ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២៤ នេះដោយមានការជម្រុញពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងមានការចូលរួមគាំទ្រគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សានីមួយៗផង កាកបាទក្រហមកម្ពុជា សម្រេចបានការពង្រឹង និងពង្រីកយុវជនកាកបាទក្រហមកម្ពុជាកម្រិតឧត្តមសិក្សាមានចំនួន ៤.៧៤២ នាក់ (ស្រី ៣.៦០១នាក់) ទីប្រឹក្សា ១១២នាក់ តាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ចំនួន ២៥។ ចំណែកនៅតាមសាខារាជធានី/ខេត្តវិញ គណៈកម្មាធិការសាខាក៏បានចូលរួមក្នុងការខិតខំពង្រឹង/ ពង្រីកកម្លាំងយុវជននេះ រហូតធ្វើឱ្យកម្លាំងយុវជនទូទាំងប្រទេសបានកើនដល់ចំនួន ៣២,១៣៤ នាក់ មានទី ប្រឹក្សាយុវជន ១.០៤៩ នាក់ នៅតាមគ្រឹះស្ថានសិក្សាគោលដៅចំនួន ៦២៨។ ពិធីបំពាក់កន្សែងនាព្រឹកនេះជាពិធីបំពាក់ទ្រង់ទ្រាយធំលើកទី៣ តាំង ពីខែកុម្ភៈ ឆ្នាំ២០១០ នៅពេលដែលកាកបាទក្រហមកម្ពុជា សម្រេចបានការចាប់ផ្តើមពង្រីកបណ្តាញយុវជន ដល់កម្រិតឧត្តមសិក្សា បានចំនួន ១.១៣៥ នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ចំនួន ១៣។ យុវជនទាំងអស់ទទួលបានការបណ្តុះបណ្តាលវគ្គជាមូលដ្ឋានស្តីពី ប្រវត្តិនិងគោលការណ៍គ្រឹះទាំង ៧ របស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម, ច្បាប់មនុស្សធម៌អន្តរជាតិ, តួនាទីភារកិច្ច របស់យុវជនក្នុងបេសកកម្មមនុស្សធម៌ និងវិជ្ជាសង្គ្រោះបឋម។ 

យុវជនកាកបាទក្រហមកម្ពុជាតែងតែចែករំលែកពេលវេលា ក្រៅម៉ោងសិក្សាជំនាញ អនុវត្តសកម្មភាពរបស់ក្លឹបយុវជនក្នុងនាមជាយុវជនគំរូ និងជាភ្នាក់ងារនៃការផ្លាស់ប្តូរ ឥរិយាបថ ជាវិជ្ជមាន តាម រយៈសកម្មភាព មិត្ត-អប់រំ-មីត្ត ក្នុងការចៀសឆ្ងាយពីគ្រឿងញៀន, លើកកម្ពស់សុវត្ថិភាពចរាចរណ៍, ការ បរិច្ចាគឈាម, ការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីនការលើកកម្ពស់សុខភាពសហគមន៍, ការបង្កាជំងឺឆ្លង/មិនឆ្លងនានា, ការបន្សំការប្រែប្រួលអាកាសធាតុ, ការលើកកម្ពស់អនាម័យបរិស្ថានល្អ/បរិស្ថាន បៃតង, ការកាត់បន្ថយការប្រើថង់ប្លាស្ទិក ជាដើម។ ជាមួយគ្នានេះ ក៏មានសកម្មភាពមិត្ត-ជួយ-មិត្ត ក្នុងការ សិក្សា អ្នកចេះច្រើន/ អ្នកពូកែ បង្រៀនអ្នកចេះតិច ការផ្សាភ្ជាប់ទំនាក់ទំនងរវាងយុវជនឧត្តមសិក្សា និង យុវជនមធ្យមសិក្សា ការជួយគ្នាទៅវិញទៅមក ការពង្រឹងវប្បធម៌នៃការចែករំលែក និងការជួយដល់អ្នកដែល មានជីវភាពខ្វះខាត។

សូមជម្រាបថា យុវជនកាកបាទក្រហមកម្ពុជា គឺជា អ្នកស្ម័គ្រចិត្តវ័យក្មេង និងជាសមាសភាគមួយនៃ បណ្តាញអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបច្ចុប្បន្នមានជាង ១៦លាននាក់ នៅទូទាំង សកលលោក និងត្រូវបានចាត់ទុកជាឆ្អឹងខ្នងរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម និង ជាកម្លាំងសកម្មជួរមុខក្នុងប្រតិបត្តិការមនុស្សធម៌នៅក្នុងគ្រប់កាលៈទេសៈ។

កាកបាទក្រហមកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងត្រូវបាន បញ្ចូលជាសមាជិក ទី៨៥ របស់សហព័ន្ធ អន្តរជាតិ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦០ បានបាត់បង់កម្លាំងយុវជនកាកបាទក្រហមកម្ពុជាក្នុងរបប ប៉ុល ពត។ ឱកាសនៃការបង្កើតឱ្យមានជាថ្មីឡើងវិញ នូវកម្លាំងយុវជនកាកបាទក្រហមកម្ពុជា គឺ បន្ទាប់ពីកាកបាទក្រហមកម្ពុជា បានប្រារព្ធមហាសន្និបាតអាណត្តិទី១ ថ្ងៃទី១០ ខែ មេសា ឆ្នាំ១៩៩៤ បង្រួបបង្រួមក្រុមកាកបាទក្រហមចំនួន ៣ក្រុម ឱ្យទៅជាសមាគមជាតិមានតែមួយគត់ឡើងវិញនៅក្នុងប្រទេស។

ក្នុងរយៈពេល ២៦ ឆ្នាំ មកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍស្ថាប័ន កាកបាទក្រហមកម្ពុជា ឱ្យទៅជាសមាគមជាតិមួយ ដែលមានដំណើរការល្អតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសក្នុងការពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម តាមរយៈការបង្កើតឱ្យមានយន្តការ និងគោលនយោបាយ ដឹកនាំ និងគ្រប់គ្រងយុវជនច្បាស់លាស់ គឺ សន្និបាតយុវជន,ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត និងរចនាសម្ព័ន្ធគ្រប់គ្រង ពីថ្នាក់កណ្តាល ដល់សាខា និងក្លឹបយុវជនតាមគ្រឹះស្ថានសិក្សា៕






 

No comments:

Post a Comment

Pages