អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាព និងដាក់វិធានការ បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅភូមិសាស្រ្តស្រុកកោះញែក - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, August 18, 2021

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាព និងដាក់វិធានការ បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅភូមិសាស្រ្តស្រុកកោះញែក

មណ្ឌលគិរី៖ ស្ថានភាពរាលដាលជំងឺកូវីដ-១៩ នៅស្រុកកោះញែក កំពុងឈានដល់ការផ្ទុះក្នុងសហគមន៍ទ្រង់ទ្រាយធំ ហើយភ្លាមៗ អាជ្ញាធរខេត្ត បានចាត់វិធានការបន្ទាន់ ដោយឲ្យក្រុមគ្រូពេទ្យ ចុះធ្វើតេស្តយកសំណាក បងប្អូនប្រជាពលរដ្ឋជាច្រើនភូមិ និងបិទខ្ទប់តំបន់មួយចំនួន ជាពិសេសផ្សារស្រុកកោះញែក ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជាបន្តទៀត។ ជាក់ស្តែង នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ  សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក អភិបាលរងខេត្តចំនួន ០២រូប លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានចុះពិនិត្យស្ថានភាព និងដាក់វិធានការ បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ នៅស្រុកកោះញែក។

  

ឯកឧត្តម ស្វាយ  សំអ៊ាង អភិបាលខេត្ត បានបញ្ជាក់ថា ករណីផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងស្រុកកោះញែក ដែលបានរីករាលដាល រហូតដល់ចំនួនអ្នកវិជ្ជមានរាប់រយនាក់បែបនេះ បណ្ដាលមកពីខ្វះការចូលរួមពីបងប្អូនប្រជាពរដ្ឋ ក្នុងការគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ជាពិសេស វិធានការរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម បន្ថែមថា នៅតំបន់មួយចំនួនដែលមានហានិភ័យខ្ពស់ ក្នុងភូមិសាស្រ្ត ស្រុកកោះញែក នឹងត្រូវបិទខ្ទប់ជាបណ្តោះអាសន្នមួយរយៈ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលចូលក្នុងសហគមន៍បន្ថែមទៀត។ ទទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់ ជាពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល។

  

លោក ឌឹម នី អភិបាលស្រុកកោះញែក បានឲ្យដឹងថា ស្ថានភាពការរាលដាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក្នុងរយៈពេល ៤ថ្ងៃ គិតចាប់ពីទី១៤ ខែសីហា រហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរស្រុកបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង ១០០នាក់ ហើយបានសម្រេចបិទខ្ទប់បណ្តោះអាសន្ន នៅក្នុងភូមិឈួល ភូមិស្រែហ៊ុយ ក្នុងឃុំស្រែហ៊ុយ និងមួយផ្នែកនៃភូមិមេមុំ ក្នុងឃុំរយ៉ ស្រុកកោះញែក។ លោក អភិបាលស្រុក បន្ថែមថា សម្រាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅកន្លែងស្នាក់នៅអន្តេរវេសិដ្ឋាន វិទ្យាល័យហ៊ុនសែន ស្រុកកោះញែក។

  

សូមបញ្ជាក់ថា ក្នុងការចុះពិនិត្យមើលស្ថានភាពភូមិសាស្រ្តក្នុងស្រុកកោះញែកនោះដែរ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បាននាំយកសម្ភារជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនរដ្ឋបាលស្រុក និងអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ចែងបន្តដល់សមត្ថកិច្ច និងមន្រ្តីជំនាញ ដែលកំពុងឈរជើងនៅតាមបំបន់ខ្ទប់នីមួយៗ ដើម្បីដោះស្រាយការហូបចុកប្រចាំថ្ងៃផងដែរ៕





 

No comments:

Post a Comment

Pages