ថ្ងៃអង្គារទី២៤ ខែសីហា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើការជ្រើសរើសសាលារៀន ដើម្បីផ្តល់ប្រព័ន្ធធុងចម្រោះទឹក និងធុងសំរាម នៅក្នុងខេត្តកោះកុង។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ជូនអង្គប្រជុំ កោះកុងជាខេត្តជាប់តំបន់ឆ្នេរសមុទ្រវែងជាងគេ នៃប្រទេសកម្ពុជា ក្នុងនោះលោកជំទាវអភិបាលខេត្ត តែងយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាម សំណល់រឹង ប្លាស្ទិក និងការបំពុលសមុទ្រ។ តាមរយៈយន្តការនៃគណៈកម្មកាធិការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង យើងបានធ្វើការច្រើនជាមួយអាជ្ញាធរមូលដ្ឋានក្នុងការជំរុញការរៀបចំផែនការគ្រប់គ្រងសំរាម សំណល់រឹង និងរៀបចំជាទីលានចាក់សំរាម ឱ្យបានគ្រប់ក្រុង ស្រុក និងតាមបណ្តាឃុំ សង្កាត់។
ដោយឡែកការផ្តល់ធុងសំរាម ដល់សហគមន៍ពាមក្រសោប និងការជំរុញសហគមន៍ក្នុងការគ្រប់គ្រងសំរាម និងដាំដើមកោងកាងឡើងវិញ។ ជំរុញផ្សព្វផ្សាយជាប្រចាំដល់សិស្សានុសិស្សតាមសាលារៀន និងយុវជន លើការការពារបរិស្ថាន ការគ្រប់គ្រង សំណល់រឹង រាវ ទីប្រជុំជន។
ខេត្តកោះកុងមាន ៖
១/សាលាវិទ្យាល័យចំនួន១២សាលា
២/សាលាអនុវិទ្យាល័យចំនួន ១៩សាលា
៣/សាលាបឋមសិក្សា និងមត្តេយ្យរដ្ឋចំនួន ១២១សាលា
៤/សាលាមត្តេយ្យសិក្សាសហគមន៍ ១៣សាលា។
ក្នុងនោះសាលារៀនមួយចំនួន ដូចជាសាលារៀននៅឃុំកោះស្តេច ឃុំថ្មស ឃុំជ្រោយប្រស់ ឃុំកោះកាពិ ឃុំពាមក្រសោប និងឃុំប៉ាក់ខ្លង ដែលមានទីតាំងគ្រប់គ្រងសំរាមតូចចង្អៀត និងមានសិស្សរៀនច្រើន ពិតជាមានបញ្ហាប្រឈមលើបញ្ហាសំរាម និងទឹកស្អាត ដែលធ្វើឱ្យ បរិយាកាសនៃការរៀនសូត្រមិនល្អប្រសើរ។
ក្នុងនាមរដ្ឋបាលខេត្តកោះកុងសង្ឃឹមថាគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ នឹងផ្តល់ការគាំទ្រ ដល់សាលានានាក្នុងខេត្តកោះកុង លើគម្រោងផ្តល់ធុងចម្រោះទឹក និងធុងសំរាមនេះ៕
No comments:
Post a Comment