ពលរដ្ឋចំនួន ១៣៣គ្រួសារ រស់នៅតំបន់បិទខ្ទប់ ក្នុងស្រុកកោះញែក ទទួលបានអំណោយ សម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ ពីអាជ្ញាធរខេត្តមណ្ឌលគិរី - គេហទំព័រ ស្ពានមរតក

Breaking

Saturday, September 4, 2021

ពលរដ្ឋចំនួន ១៣៣គ្រួសារ រស់នៅតំបន់បិទខ្ទប់ ក្នុងស្រុកកោះញែក ទទួលបានអំណោយ សម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ ពីអាជ្ញាធរខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់នៅតំបន់បិទខ្ទប់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត រួមទាំងសហការី និងអាជ្ញាធរស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ១៣៣គ្រួសារ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក ស្ថិតនៅភូមិមេមុំ និងភូមិស្រែរូង ក្នុងឃុំរយ៉ ស្រុកកោះញែក ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។


ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាខ្វះខាតជីវភាពរស់នៅ ក្នុងបរិបទនៃជំងឺកូវីដ-១៩។ 


ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ ដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩។ បន្ថែមលើសនេះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ឫមានរោគសញ្ញាសង្ស័យផ្សេងៗ ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។


បន្ទាប់មក ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត រួមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលសាលាឃុំរយ៉ ដែលទើបតែកសាងបានរួចរាល់ និងពិនិត្យមើលការរៀបចំទីតាំងមណ្ឌល សម្រាប់ទុកសម្រាក់ព្យាបាលអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តស្រុកកោះញែក និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។


សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្តមណ្ឌលគិរី មានករណីឆ្លងសរុប ១.០៧២ករណី ឆ្លងថ្មី ៣២ករណី ជាសះស្បើយសរុប ៤៥០ករណី ស្លាប់ចំនួន ០៥នាក់ និងករណីកំពុងសម្រាកព្យាបាលចំនួន ៦១៧ករណី ដោយឡែក ជំងឺកូវីដ-១៩ ប្រភេទបម្លែងខ្លួនថ្មី (Delta) ករណីឆ្លងសរុប ៤០ករណី ឆ្លងថ្មី ១៤ករណី និងករណីកំពុងសម្រាកព្យាបាលសរុប ៤០ករណី។ អ្នកធ្វើចត្តាឡីស័កក្នុងមណ្ឌលសរុប ៧៨នាក់ ចេញពីមណ្ឌល ៧៦នាក់ និងកំពុងស្នាក់នៅមណ្ឌល ០២នាក់៕






 

No comments:

Post a Comment

Pages