រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រកាស និងប្រគល់ពាន់រង្វាន់ជ័យលាភីថ្នាក់សំរឹទ្ធជាសាលាមេត្រីបរិស្ថានដល់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ខេត្តកំពង់ឆ្នាំង ថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ - គេហទំព័រ ស្ពានមរតក

Breaking

Thursday, September 9, 2021

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រកាស និងប្រគល់ពាន់រង្វាន់ជ័យលាភីថ្នាក់សំរឹទ្ធជាសាលាមេត្រីបរិស្ថានដល់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ខេត្តកំពង់ឆ្នាំង ថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១

កំពង់ឆ្នាំង៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅស្រុកកំពង់ត្រឡាច បានដណ្តើមជ័យលាភីថ្នាក់សំរឹទ្ធ ជាសាលាមេត្រីបរិស្ថាន ក្នុងការប្រកួតប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ធ្វើឡើងនៅបរិវេណវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ខេត្តកំពង់ឆ្នាំង។


ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា៖ ក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្របខ័ណ្ឌការងារអប់រំ ការងារបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ និងការងារផ្តល់សេវាពិគ្រោះយោបល់លើវិស័យបរិស្ថាន ជាពិសេសគណៈកម្មការវាយតម្លៃសាលាមេត្រីបរិស្ថានដែលបានផ្តល់កិច្ចសហ ការយ៉ាងល្អប្រសើរ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ក្នុងការរៀបចំការប្រឡងប្រណាំងសាលាមេត្រីភាពបរិស្ថានចំនួន ៣ លើកមកនេះ។ ឯកឧត្តម បានបន្តថាៈ ក្នុងនាមក្រសួងបរិស្ថាន ក៏សម្តែងនូវការកោតសរសើរខ្ពស់ចំពោះសាលាបឋមសិក្សា និងមធ្យមសិក្សាសរុបចំនួន ៤៨ ដែលបានចូលរួម ក្នុងចលនាប្រឡងប្រណាំងមេត្រីភាពបរិស្ថាននៅឆ្នាំ២០២១ នេះដែលជាការប្រកួតប្រជែងសាលាមេតីបរិស្ថានរៀងរាល់ ២ ឆ្នាំម្តង លើកទី៣។ 


ឯកឧត្តម បានគូសបញ្ជាក់ថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹងនិងចំណេះធ្វើក្នុងចំណោមកុមារសិស្សានុសិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូទម្លាប់ ផ្នត់គំនិត និងឥរិយាបទរបស់កុមារ និងយុវជនចំពោះអនាម័យ និងបរិស្ថាន។ 


សូមជម្រាបជូនថា៖ វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ខេត្តកំពង់ឆ្នាំង ត្រូវបានគណៈកម្មការវាយតម្លៃដោយទទួលបានចំណាត់ថ្នាក់ជ័យលាភីសំរឹទ្ធ ប្រចាំឆ្នាំ២០២១ ក្នុងការប្រកួតប្រជែងថ្នាក់ជាតិលើកទី៣ ជាសាលាមេត្រីបរិស្ថាន។ ការវាយតម្លៃផ្ដល់ពិន្ទុ ជាសាលាមេត្រីបរិស្ថាន ដោយផ្អែកទៅលើការពិនិត្យ និងវាយតម្លៃនៃលក្ខខណ្ឌ៤ចំណុច ដែលលក្ខខណ្ឌវិនិច្ឆ័យទាំង៤ចំណុច នៃសាលាមេត្រីបរិស្ថានរួមមាន៖ 

ទី១.មានគោលការណ៍និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន។

ទី២.មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថានក្នុងសាលានិងសហគមន៍ជុំវិញ(ជាកម្មវិធីសិក្សាបន្ថែម បញ្ជ្រាប)។ 

ទី៣.មានសម្ភារៈបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានានិងការប្រតិបត្តិបរិស្ថាន។

ទី៤.មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍៕









 

No comments:

Post a Comment

Pages