កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងដោយឡែក មន្ទីរអង្គភាពជុំវិញខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ចូលរួមតាមប្រព័ន្ធអនឡាញ(ZOOM)។
មានមតិបើកកិច្ចប្រជុំ ឯកឧត្តមឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធឈរជើងក្នុងខេត្ត គណៈអភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធឈរជើងក្នុងក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានរួមសហការគ្នាបម្រើសេវាសាធារណៈ ការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងសកម្មភាពសំខាន់ៗក្នុងការត្រៀមបង្ការ និងឆ្លើយតបចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សូមថ្លែងអំណរគុណចំពោះមន្ទីរសុខាភិបាល និងក្រុមគ្រួពេទ្យ ដែលបាននឹងកំពុងសស្រាក់សស្រាំអនុវត្តតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត បានវាយតម្លៃខ្ពស់ និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត លោក លោកស្រីមន្ទីរ អង្គភាពជុំវីញខេត្ត រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងកម្លាំងចិត្តបំពេញបេសកកម្មតាមភារកិច្ចរៀងៗខ្លួន និងជាពិសេសមានភាពម្ចាស់ការក្នុងការកៀរគរធនធានសម្ភារៈ និងថិវកាដើម្បីផ្គត់ផ្គង់តាមលទ្ធភាពដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅក្នុងដែនសមត្ថកិច្ច និងការទទួលខុសត្រូវមូលដ្ឋានរបស់ខ្លួន។
បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញវិធានការក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩
ទី១. អាជ្ញាធរក្រុង ស្រុក សហការជាមួយមន្ទីរពាក់ព័ន្ធ បន្តចុះផ្សព្វផ្សាយ តាមបណ្ដារោងចក្រ សហគ្រាសក្នុងខេត្តដល់បងប្អូនកម្មករ កម្មការិនីឱ្យពួកគាត់អនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវ។
ទី២. សាលារៀនដែលត្រៀមនឹងអនុញ្ញាតដំណើរឡើងវិញនៅក្នុងភូមិសាស្ត្រដែលមានហានិភ័យទាប ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវយកចិត្តទុកដាក់បញ្ជ្រាបការយល់ដឹងអំពីហានិភ័យនៃវីរុសកូវីដ-១៩ និងត្រូវពិនិត្យ តាមដានប្អូនៗក្មួយៗសិស្សានុសិស្សឱ្យបានហ្មត់ចត់បំផុត ព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគយ៉ាងហោចណាស់មួយសប្ដាហ៍ម្ដង ទាំងក្នុងបន្ទប់រៀន ទាំងបរិវេណសាលា ជាពិសេសនៅក្នុងបន្ទប់ទឹក។
ទី៣. អាជ្ញាធរក្រុង ស្រុក ត្រូវបង្កើតក្រុមការងារចុះពិនិត្យ ផ្សព្វផ្សាយ និងជម្រុញឱ្យអ្នកគ្រប់គ្រងផ្សារ អនុវត្តឱ្យបានត្រឹមត្រូវ ពោលគឺរៀបចំផ្សារតាមស្ដង់ដារបែបគន្លងថ្មី និងបាញ់ថ្នាំសម្លាប់មេរោគមួយសប្ដាហ៍ម្ដងដើម្បីធានាកាត់ផ្ដាច់ប្រភពចម្លងមេរោគដ៏កាចសាហាវនេះ។
ទី៤.រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្ដចុះពិនិត្យតាមទីវត្តអារាម និងតាមមូលដ្ឋាននានាដើម្បីផ្សព្វផ្សាយ ណែនាំបងប្អូនប្រជាពលរដ្ឋឱ្យបន្ដអនុវត្តវិធានការសុខាភិបាល និងអនុវត្តតាមវិធានការដែលបានដាក់ចេញដោយរដ្ឋបាលខេត្តផងដែរ។
ទី៥.អាជ្ញាធរក្រុង ស្រុក និងមន្ទីរជំនាញជុំវិញខេត្ត ត្រូវត្រៀមបង្ការស្បៀងអាហារ និងសម្ភារៈចាំបាច់ក្នុងការទប់ស្កាត់ និងឆ្លើយតបបន្ទាន់នៅតាមទីតាំងដែលមានគ្រោះទឹកជំនន់ និងគ្រោះឧបទ្ទវហេតុផ្សេងៗដែលកើតឡើងជាយថាហេតុ។
កិច្ចប្រជុំ បានពិនិត្យ និងអនុម័តសេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្ត, កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, របាយការណ៍ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែកញ្ញា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារបន្ដ៕
No comments:
Post a Comment