បាត់ដំបង÷គួរឲ្យអាណិតអាសូរក្មេងស្រីម្នាក់ រស់នៅជាមួយគេ តាំងពីអាយុ ០៣ឆ្នាំ រហូតដល់បច្ចុប្បន្នមានអាយុ ០៩ឆ្នាំហើយ បែជាទទួលទារុណកម្មប្រើហិង្សាអស់ជាច្រើនឆ្នាំយ៉ាងឃោឃៅ ពីសំណាក់ម្តាយចិញ្ចឹមទៅវិញ និងគំរាមមិនឲ្យនិយាយប្រាប់អ្នកជិតខាងឲ្យដឹងទៀតផង តែលាក់បាំងមិនជិត ខណៈអ្នកជិតខាងបានឃើញទង្វើឃោឃៅស្ទើររាល់ថ្ងៃ ទើបបែកធ្លាយដល់សមត្ថកិច្ច។
ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋជិតខាងបានអោយដឹងកាលពីល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា ជារៀងរាល់ថ្ងៃ ពួកគាត់តែងសង្កេតឃើញក្មេងស្រីនេះត្រូវបានស្ត្រីជាម្តាយចិញ្ចឹមវាយធ្វើបាបលើរាងកាយរហូតមានស្នាមពេញខ្លួន ដោយសាតែម្តាយចិញ្ចឹមប្រើហិង្សាហើយបានប្រឌិតថាស្នាមនៅលើខ្លួនកុមារីរងគ្រោះ គឺសត្វឆ្មាខ្វាច និងដើរបុកទ្វារជាដើមទៅវិញ។
កុមារីរងគ្រោះមានឈ្មោះ ចន្ធី លីហ្សា អាយុ០៩ឆ្នាំ មានម្តាយចិញ្ចឹមឈ្មោះ អ៊ឹម សុគន្ធី អាយុ៥៧ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។
កុមារីរងគ្រោះខាងលើត្រូវបានពីរនាក់ប្តីប្រពន្ធដែលរៀបការហើយមិនមានកូនបានទៅសុំយកក្មេងស្រីខាងលើពីខាងឪពុកម្តាយបង្កើតដែលមានជីវភាពខ្វះខាតនៅឯមន្ទីរពេទ្យតាំងពីអាយុ០៣ឆ្នាំមកម្លេះ ។
តាំងពីយកមកខាងម្តាយចិញ្ចឹមមិនសូវជាពេញចិត្តក្មេងនោះប៉ុន្មានទេ គឺតែងតែធ្វើបាបស្ទើររាល់ថ្ងៃដោយថ្ងៃខ្លះវាយធ្វើបាបរហូតជាង ១០០រំពាត់ ក៏មាន និងមានពេលខ្លះវាយផងបាញ់ និងជំពាមកៅស៊ូផង ដែលជាទង្វើឃោឃៅបំផុតទើបពួកគាត់ជាអ្នកជិខាងមិនអាចទ្រាំបាន។
លោកស្រី អ៊ឹម សុគន្ធី ដែលជាម្តាយចិញ្ចឹមរបស់ក្មេងរងគ្រោះបានសារភាពទង្វើរបស់ខ្លួនដែលមិនអាចប្រកែកបានហើយប្រាប់ថា រយៈពេលកន្លងមកខ្លួនធ្លាប់បានវាយធ្វើបាបមែន ហើយធ្លាប់បានយកកុមារីរងគ្រោះដែលជាកូនចិញ្ចឹមឱ្យទៅគេម្តងដែរ តែត្រូវបានប្ដីគាត់ទៅយកមកវិញ ក្រោយពីលោកមេភូមិចុះមកណែនាំរួចមក ខ្លួនមិនដែលហ៊ានធ្វើបាបទៀតទេ។
ការបកស្រាយពីម្តាយចិញ្ចឹមគ្មានចិត្តមេត្តានេះ លោក ហោ ផុន មេភូមិវត្តគរ បានបញ្ជាក់អោយដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា នេះដែរថា រឿងប្រើប្រាស់អំពើហិង្សាខាងលើ គឺមានពិតមែន ហើយរយៈពេលកន្លងមកលោកក៏ធ្លាប់បានចុះណែនាំម្តងហើយកុំអោយវាយធ្វើបាបក្មេងបន្តទៀត គឺគ្រាន់តែប្រើត្រឹមមាត់ប្រដៅបានហើយ។
លោកបន្តថា ក្រោយពីលោកចុះព្រមានម្តងមក សកម្មភាពបានធូស្បើយបានមួយរយ:ពេលខ្លីប៉ុណ្ណោះ ក៏ម្តាយចិញ្ចឹមរូបនេះនៅតែបន្តសកម្មភាពហិង្សារហូតដល់ថ្ងៃនេះ ទើបអ្នកជិតខាងទ្រាំលែងបាន។
ពាក់ព័ន្ធករណីហិង្សាខាងលើនេះ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ លោក ពេជ្យ សារ៉ែម អធិការក្រុងបាត់ដំបងបញ្ជាក់ថា ក្រោយមានកិច្ចអន្តរាគមន៍ពីកម្លាំងរបស់លោក ចំពោះមុខគ្រាន់តែធ្វើការណែនាំដល់ស្ត្រីដែលជាម្តាយចិញ្ចឹមហើយចំណាត់ការបន្តយ៉ាងណានោះ ខាងមន្ត្រីជំនាញរដ្ឋបាលសាលាក្រុង នឹងបន្តវិធវិធានបន្តទៀត ថាតើគួរមានវិធានការបែបណាឲ្យកុមារីរងគ្រោះផុតអំពីសកម្មភាពដ៏ព្រៃផ្សៃបែបនេះពីសំណាក់ម្តាយចិញ្ចឹមចិត្តឃោឃៅនេះបន្តទៀត។
ឆ្លើយតបនឹងចំណាត់ការរបស់មន្ត្រីនៃមន្ទីរជំនាញសាលាក្រុង ប្រជាពលរដ្ឋស្មើសុំឲ្យខាងមន្ត្រីជំនាញគួរពិចារណាលើអត្តចរិតរបស់ម្តាយចិញ្ចឹមរូបនេះ ខណៈអាជ្ញាធរព្រមានហើយនៅតែប្រព្រឹត្ត ដូច្នេះពួកគាត់សំណូមពរឲ្យយកកុមារីរងគ្រោះទុកនៅកន្លែងថែទាំណាមួយដែលមានសុវត្តិភាព។
No comments:
Post a Comment