ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមប្រុងប្រយ័ត្ន និងថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អនៅក្នុងរដូវខែរងារ - គេហទំព័រ ស្ពានមរតក

Breaking

Wednesday, December 8, 2021

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមប្រុងប្រយ័ត្ន និងថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អនៅក្នុងរដូវខែរងារ

ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនលោកយាយលោកតា ចំនួន៥០នាក់ ដែលមកពីភូមិចំនួន០២ គឺ ភូមិបឹងគៀប និងភូមិព្រៃគោ ស្ថិតក្នុងឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អរឹងមាំក្នុងរយៈពេលរដូវខែរងារនេះ ដើម្បីបន្ថែមការការពារពីជំងឺកូវីដ-១៩ ដែលនេះជាកិច្ចចម្បងរបស់ប្រមុខរាជរារដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវតែគិតគូរនិងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថា ៖ ខែរងារបានចូលមកដល់ហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ពិសេសសមាជិកគ្រួសារដែលមានមនុស្សវ័យចាស់ សូមយកចិត្តទុកដាក់ចំពោះសុខភាពរបស់គាត់ ហើយត្រូវពាក់អាវណាក្រាស់ៗ ដើម្បីកុំឱ្យរងារ ម្យ៉ាងវិញទៀតទន្ទឹមនឹងការយកចិត្តទុកដាក់ថែទាំសុខភាពក្នុងរដូវធ្លាក់ខ្យល់ខែរងានេះ សូមបងប្អូនប្រជាពលរដ្ឋក៏ត្រូវតែប្រុងប្រយ័ត្នផងដែរចំពោះបញ្ហាភ្លើងទៀនធូបជាដើម ដែលអាចបង្កជាហានិភ័យភ្លើងឆេះផ្ទះបាន ប្រសិនបើយើងធ្វេសប្រហែសតែបន្តិច ពីព្រោះខែធ្លាក់ខ្យល់នេះ វាងាយស្រួលខ្លាំងណាស់ក្នុងការឆាបឆេះដែលបង្កទៅជាអគ្គីភ័យបានយ៉ាងឆាប់រហ័ស ដូច្នេះសូមបងប្អូនទាំងអស់គ្នា មុនចេញពីផ្ទះត្រូវពិនិត្យមើលឱ្យបានច្បាស់នូវភ្លើងទៀន ធូប និងត្រូវភ្លើងអគ្គិសនី ដើម្បីធានាបាននូវទ្រព្យសម្បត្តិរបស់យើង ក៏ដូចជាទ្រព្យសម្បត្តិអ្នកជិតខាងយើងផង។


ឯកឧត្តមអភិបាលខេត្តបន្ថែមថា ៖ ក្រៅពីការយកចិត្តទុកដាក់ថែទាំសុខភាព និងគិតគូរអំពីការថែរក្សាទ្រព្បសម្បត្តិ បងប្អូនប្រជាពលរដ្ឋមិនត្រូវភ្លេចឡើយពីជំងឺកូវីដ-១៩ ត្រូវតែបន្តអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ព្រមទាំងអនុវត្ត៣ការពារ និង៣កុំ ដើម្បីសហគមន៍យើង ប្រទេសជាតិរបស់យើង យកឈ្នះជំងឺកូវីដ-១៩បាន ក្រោយពីយើងបានបើកដំណើរការប្រទេសឡើងវិញ។


ឯកឧត្តម ក៏បានបន្តជម្រុញ និងអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមនាំគ្នាទៅចាក់វ៉ាក់សាំងឱ្យបានទាំងអស់គ្នានៅតាមមណ្ឌលសុខភាពក្នុងភូមិរបស់ខ្លួនរស់នៅ ដើម្បីធានាការពារសុខភាព និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។ 


សូមបញ្ជាក់ថា ៖ អំណោយប្រគល់ជូនរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេះ ជែលលងដៃ១ដប អាវរងារ១ និងថវិការចំនួន៥ម៉ឺនរៀល ៕







 

No comments:

Post a Comment

Pages