ថាមែនៗ​!  សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យមន្ត្រីយកសត្វក្ងោក ដែលចាប់នៅខេត្តកំពង់ឆ្នាំងជូនទៅម្ចាស់វិញដល់ផ្ទះ - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, February 28, 2023

ថាមែនៗ​!  សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យមន្ត្រីយកសត្វក្ងោក ដែលចាប់នៅខេត្តកំពង់ឆ្នាំងជូនទៅម្ចាស់វិញដល់ផ្ទះ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃត្រង់ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីដែលទទួលខុសត្រូវ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះទៅចាប់ សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់គេវិញដល់ផ្ទះនៅថ្ងៃនេះតែម្ដង។


ការដាក់បទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្វើឡើងបន្ទាប់ពីសម្ដេចទទួល បាននូវសំណូមពរពីមជ្ឈដ្ឋាននានា ក្រោយមន្ដ្រីរដ្ឋបាលព្រៃឈើ ចុះទៅចាប់សត្វក្ងោករបស់ប្រជាពលរដ្ឋដែលចិញ្ចឹមលក្ខណៈគ្រួសារ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ខណ:ដែលសម្ដេចក៏ជាអ្នកចិញ្ចឹមសត្វក្ងោកនេះដូចគ្នាដែរ។


សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «ខ្ញុំសូមចេញបទបញ្ជាបន្ទាន់ សូមឲ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះ យកទៅជូនដល់ផ្ទះវិញតែម្ដង។ ខ្ញុំមិនយល់ស្របនឹងទង្វើបែបនេះនោះទេ យើងគួរតែលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជ ប្រសើរជាងទៅចាប់សត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនេះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ ខ្វះការយកចិត្តទុកដាក់»។ 


គួររំលឹកថានៅពេលប៉ុន្មានថ្ងៃថ្មីៗនេះ​ មានផ្ទុះការរិះគន់យ៉ាងខ្លាំងលេីមន្ត្រីជំនាញ​ ដែលបានបង្ក្រាបលេីករណីចិញ្ចឹមសត្វក្ងោក​ របស់ពលរដ្ឋនៅស្រុកបរិបូរណ៌​ ខេត្តកំពង់ឆ្នាំង​ ដោយសារមានការដកហូតសត្វក្ងោកនោះ​ ហេីយបានឲ្យម្ចាស់បង់ប្រាក់ផាកពិន័យចំនួន៩លានរៀល​ ដែលជាហេតុធ្វេីឲ្យមានការជជែកវែកញែក​ រកខុសត្រូវ​  ស្ទេីរតែពេញមួយប្រទេស​ ដោយសារតែការចិញ្ចឹមសត្វក្ងោកនេះ​ ឬសត្វព្រៃនេះ​ ពុំមែនកេីតមានតែនៅក្នុងស្រុកបរិបូរណ៌នេះ​ មួយប៉ុណ្ណោះទេ​ ៕






 

No comments:

Post a Comment

Pages