ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ២១ និង ៤០នាទី នៅចំណុច ម្តុំឆ្នេរអូរឈើទាល ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ផ្ទុះអាវុធ មួយកើតឡើង បង្កដោយជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបាញ់រះជាច្រើនគ្រាប់ ទៅលើរថយន្ត ១គ្រឿង ម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-6673 រួចរត់គេចខ្លួនបាត់។
បន្ទាប់ពីទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជារអោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចុះទៅកន្លែងកើតហេតុ ធ្វើការដកហូតបានសំបកគ្រាប់កាទុសចំនួន ០៣គ្រាប់ និង ក្រោយការសាកសួរទៅលើជនរងគ្រោះ និងដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៏ស្នងការ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង 00 និង ៥0នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៩ ខែឆ្នាំដដែល សមត្ថកិច្ចយើងចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ។
សម្ភារវត្ថុតាងដកហូតបានរួមមាន សំបកគ្រាប់កាទុសចំនួន ០៣គ្រាប់, អាវុធខ្លី ១ដើម ម៉ាក K59 មានលេខសម្គាល់ A7007, បង់ ១ មាន ៣គ្រាប់ ,ស្រោមអាវុធខ្លី ១ និងទូរស័ព្ទ ២គ្រឿង ។
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តធ្វើការសួរនាំ តាមនិតិវិធីជំនាញ។
No comments:
Post a Comment