ក្រុមចោរឆក់ ដែលទើបតែពេញវ័យ ០៣នាក់ ក្នុងចំណោមបក្ខពួក០៧នាក់ រួមមាន៖ ១.ឈ្មោះ ផាត មករា (ហៅអាពេជ្រ) អាយុ១៨ឆ្នាំ, ២.ឈ្មោះ ពេជ្រ សីហា អាយុ១៨ឆ្នាំ, ៣.ឈ្មោះ សំ វិសាល (ហៅសាន់) អាយុ១៨ឆ្នាំ ដែលតែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ខណៈពួកគេរៀបគម្រោងចេញឆក់ទូរស័ព្ទ និងកាបូប ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។
តាមចម្លើយសារភាពរបស់ ជនសង្ស័យទាំង០៣នាក់ បានឲ្យដឹងដូចៗគ្នាថា កន្លងមកពួកខ្លួនរួមជាមួយបក្ខពួក ០៤នាក់ផ្សេងទៀត មានឈ្មោះ អាចូវ, អាចាក់ជ្រូក, អាឆាយ និង អាស៊ុយទ្រី ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ និងកាបូបជាច្រើនដងមកហើយ ទាំងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ រួមមានដូចជា៖ ឆក់នៅម្តុំផ្សារជម្ពូវ័ន្ត, ឆក់នៅចំណុចមុខក្លោងទ្វារបុរីសែនមនោរម្យ, ឆក់នៅចំណុចផ្សារបែកចាន ខេត្តកណ្តាល, ឆក់នៅចំណុចផ្សារថ្នល់ទទឹង ខេត្តកំពង់ស្ពឺ, ឆក់នៅផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្ដកណ្តាល, ឆក់នៅចំណុចមុខព្រលានយន្តហោះអន្តជាតិភ្នំពេញ, ឆក់នៅចំណុចស្ពានអាកាសផ្សារដីហុយ, ឆក់នៅចំណុចភ្នំបាសិត ភូមិសាស្ត្រខេត្តកណ្តាល, ឆក់នៅចំណុចជិតស្ពានស្ទឹងមានជ័យ, ឆក់នៅចំណុចផ្សារដើមគរ, ឆក់នៅចំណុចមហាវិថីឈ្នះៗ, ឆក់នៅចំណុចផ្សារឈូកមាស, ឆក់នៅចំណុចផ្លូវវេងស្រេង, ឆក់នៅចំណុចទីរួមស្រុកអង្គស្នូល ខេត្តកណ្តាល, និងចុងក្រោយនេះ កំពុងនាំគ្នារៀបចំចេញឆក់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនតែម្តង។ មុនពេលចេញឆក់ម្ដងៗ ពួកខ្លួនតែងតែប្រមូលផ្ដុំគ្នាប្រើប្រាស់សារធាតុញៀនជាមុនទើបចេញធ្វើសកម្មភាព។ តាមការទទួលព័ត៌មាន ក៏នៅមានទីតាំងជាច្រើនផ្សេងទៀត ដែលក្រុមទាំងនេះបានចេញធ្វើសកម្មភាពឆក់ផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួក០៤នាក់ដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
No comments:
Post a Comment