នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកកម្មករបម្រើការងារ និងត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋាននេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញអារម្មណ៍រីករាយ ដែលបានអញ្ជើញចុះមកពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ និងសំណេះសំណាលជាមួយអ្នកសាងសង់ ជាពេលនេះ។ សម្តេចធិបតីបានថ្លែងថា សម្តេចធ្លាប់បានឃើញព្រលានយន្តហោះធំៗច្រើនហើយ តែមិនរំភើបដូចឃើញព្រលានយន្តហោះអន្តរជាតិតេជោនោះឡើយ ព្រោះជារបស់ខ្មែរ។ ព្រលានយន្តហោះអន្តរជាតិតេជោ ជាសមិទ្ធផលប្រកបដោយមោទនភាពសម្រាប់ខ្មែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ទោះពេលកូវីដ១៩ រាតត្បាត ក៏មិនបានបន្ទច់បង្អាក់សកម្មភាពសាងសង់។ សម្តេចធិបតី បន្តថា ទៅថ្ងៃខាងមុខនឹងមានការហោះហើរត្រង់រវាងកម្ពុជា និងអូស្ត្រាលី ខណៈកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការបានចុះហត្ថលេខារួច ពេលសម្តេចអញ្ជើញទៅអូស្ត្រាលី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងក្រោមចក្ខុវិស័យរបស់សម្តេចតេជោ ក្នុងការអភិវឌ្ឍន៍ទិសនិរតីប្រទេសកម្ពុជា។ សម្តេចធិបតីបន្តថា ក្រុមហ៊ុនមកពីប្រទេសមួយចំនួនរួមមានអង់គ្លេស ដាណឺម៉ាក់ កូរ៉េ និងចិន ជាអ្នកសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ។ ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ជាមោទនភាពរបស់អ្នកសាងសង់គ្រប់ផ្នែក រាប់ចាប់ពីកម្មករតូចតាចឡើងទៅ។ សម្តេចបន្តថា ព្រលានយន្តហោះអន្តរជាតិតេជោ គឺជានិមិត្តរូបនៃការរីកចម្រើនរបស់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យន្តហោះអាមេរិកចុះនៅកម្ពុជាពេលមានសង្គ្រាម ភាគច្រើន គឺចុះដឹកជម្លៀសប្រជាពលរដ្ឋ។ ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ជានិមិត្តរូបបង្ហាញឱ្យឃើញជំនឿចិត្តរបស់អ្នកវិនិយោគលើសុខសន្តិភាព និងស្ថេរភាពនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា នៅការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ប្រើកម្លាំងពលកម្មប្រមាណ ៨ពាន់នាក់។ការវិនិយោគបង្កើនសេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ ជាការវិនិយោគដែលកម្ពុជាចង់បាន។ ព្រលានយន្តហោះអន្តរជាតិតេជោ មានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍទិសនិរតី ដោយមានការតភ្ជាប់ទាំងផ្លូវទឹក និងផ្លូវគោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចហ៊ានអួតពីសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ ព្រោះជាសមិទ្ធផលលើកដំបូង និងបង្ហាញរូបរាងជាក់ស្តែងនៅលើទឹកដីកម្ពុជា។សម្តេចមិនជឿថា មានមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និយាយផលអវិជ្ជមានលើគម្រោងព្រែកជីកហ្វូណន-តេជោ ដូចការផ្សាយរបស់វិទ្យុប្រតិកិរិយានោះឡើយ។
សម្តេចធិបតី បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មានសមត្ថភាពដឹកជញ្ជូនរហូតដល់ទៅ ៣ពាន់តោន។ សមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ផែនការកសាងប្រព័ន្ធស្រោចស្រប់ ដើម្បីជំរុញការធ្វើស្រែឱ្យកើនទ្វេដងក្នុងរយៈពេល១០ឆ្នាំខាងមុខ។
សម្តេចធិបតី បានបានមានប្រសាសន៍រំលឹកថា នាយករដ្ឋមន្ត្រីអូស្ត្រាលី ធ្លាប់មកកម្ពុជានៅឆ្នាំ១៩៨៧ ពេលនោះមិនស្ទះមនុស្សធ្វើដំណើរស្រួល តែពេលដើរលេងនៅអង្គរឮសូរគ្រាប់ភ្លើងប្រយុទ្ធគ្នា។ សម្ដេចបានមានប្រសាសន៍បន្តទៀតថា ភាពរីកចម្រើនរបស់កម្ពុជានាពេលនេះ គឺបានមកពីផលលាភនៃសន្តិភាព ហើយត្រូវរួមគ្នាថែទាំសុខសន្តិភាព ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍ប្រទេសទៅមុខទៀត៕
No comments:
Post a Comment