ក្រសួងបរិស្ថាន យុទ្ធនាការដាំកូនឈើប្រណិតនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នសម្រាប់ឆ្នាំ២០២៤ - គេហទំព័រ ស្ពានមរតក

Breaking

Friday, July 26, 2024

ក្រសួងបរិស្ថាន យុទ្ធនាការដាំកូនឈើប្រណិតនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នសម្រាប់ឆ្នាំ២០២៤

(ឧត្តរមានជ័យ)   ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ រួមជាមួយ ព្រះសង្ឃ កងកម្លាំង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ជាង៥០០នាក់ បានរួមគ្នាដាំស្តាព្រៃឈើប្រណិតចំនួន ១៥,០០០ដើម ស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន នាខេត្តឧត្តរមានជ័យ ថ្ងៃទី២៥ ខែ កក្កដាឆ្នាំ២០២៤ ។ សកម្មភាពដាំដើមឈើនេះក៏ជាថ្នាលបណ្តុះស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ យុវជន យុវនារីខ្មែរ ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំនិងការពារផងដែរ។


រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា យុទ្ធនាការដាំដើមឈើយ៉ាងតិចមួយលានដើមក្នុងមួយឆ្នាំ ជាការបោះជំហានទៅមុខយ៉ាងស្វាហាប់សម្រាប់ធានាចីរភាព នៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនិងកសាងភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ។


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យមានប្រសិទ្ធភាពរួមមាន ការអនុវត្តច្បាប់១០០% មិនអត់ឱនចំពោះឧក្រិដ្ឋកម្ម ធនធានធម្មជាតិ និងពង្រឹងសហការឱ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូជាសហការជាមួយតុលាការ ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និងបង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។


ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ការងារកន្លងមក ​របស់មន្រ្តីបរិស្ថាន​ខេត្តឧត្តរមានជ័យ ដែលជានិច្ចជាកាល​តែងតែពុះពារជំនះរាល់​ឧបសគ្គ​ក្នុងការ​ការពារ​ទប់ស្កាត់​ប្រឆាំងរាល់បទល្មើសនានា​ក្នុងដែនព្រៃឈើ​សហគមន៍​ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ ក្នុងនោះក៍បានបំផុសស្មារតីដល់ មន្រ្តីមន្ទីរស្ថាប័ន គ្រឹះស្ថាន​អប់រំ អង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានចូលរួមយ៉ាង​ផុសផល​​ក្នុងការដាំកូនឈើឡើងវិញ ​ដើម្បីធ្វើឲ្យសហគមន៍​យើង​ទទួលបានបរិស្ថានល្អប្រកបដោយពណ៌បៃតងស្រស់បំព្រងផងដែរ។





 

No comments:

Post a Comment

Pages