នៅល្ងាចថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ភាគីមិត្តវៀតណាមបានបង្ហាញនៅក្ដីរំភើប និងលើកទឹកចិត្តយ៉ាងខ្លាំង ចំពោះមនោសញ្ចេតនា ដ៏ជ្រាលជ្រៅបំផុតរបស់សម្ដេចតេជោ ដែលបានអញ្ជើញមកចូលរួមដោយផ្ទាល់ ទាំងការគោរពវិញ្ញាណក្ខន្ធ និងបន្តចូលរួមក្នុងពិធីបញ្ចុះសព ឯកឧត្តម ង្វៀន ហ្វូជុង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ហើយប្រទេសទាំងពីរ បានបន្តនូវប្រពៃណីយ៉ាងល្អ ជាពិសេស ការបន្តវប្បធម៌នៃកិច្ចសហប្រតិបត្តិការដ៏ជ្រាលជ្រៅ រវាងសម្ដេចតេជោ និងឯកឧត្តម ង្វៀន ហ្វូជុង បានបន្សល់ទុកនូវមរតកសម្រាប់ថ្នាក់ដឹកនាំ ជានាយករដ្ឋមន្ត្រី , ថ្នាក់ដឹកនាំជាប្រធានរដ្ឋសភា , ថ្នាក់ដឹកនាំជាប្រធានព្រឹទ្ធសភា ក៏ដូចជាប្រធានគណបក្ស , អគ្គលេខាធិការគណបក្ស ហើយមិនត្រឹមតែកម្ពុជា និងវៀតណាមទេ ក៏សម្ដែងនូវមិត្តភាពល្អ រវាងកម្ពុជា វៀតណាម ឡាវផងដែរ ។
ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់អំពីប្រពៃណីនៃការធ្វើការជាមួយគ្នា ហើយជាពិសេស ក៏បានថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ដែលបានគិតគូរ និងសំដែងការសោកស្ដាយចំពោះការបាត់បង់ឧត្តមបុរសជាតិរបស់មិត្តវៀតណាម ក៏ដូចជាការបាត់បង់ទាំងកម្ពុជាផងដែរ ចំពោះអ្វីដែល ឯកឧត្តម អគ្គលេខាធិការបក្ស បានបន្សល់ទុកនូវការពូនជ្រុំ នៃកិច្ចសហប្រតិបត្តិការ ដែលមានលក្ខណៈស៊ីជម្រៅ និងយូរអង្វែង និងមិត្តភាពជាបងប្អូនល្អ ជាអ្នកជិតខាងល្អ ក្នុងអាណត្តិដែលឯកឧត្តមអគ្គលេខាធិការ បានទទួលជាមេដឹកនាំ ។
ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ដោយជូនពរគ្នាទៅវិញទៅមក នូវទំនុកចិត្ត គឺជាការលះបង់ និងការសាមគ្គីគ្នាគ្រប់ដំណាក់កាល ដើម្បីដណ្ដើមយកឯករាជ្យភាពក្នុងប្រវត្តិសាស្ត្រពីអតីតកាល ទាំងពីរអាណានិគមនិយម និងចក្រព័ទ្ធនិយម , ដូច្នេះហើយភាគីទាំងពីរ នឹងបន្តពូនជ្រុំ នូវមិត្តភាពនេះ ឲ្យបានយូរអង្វែងបន្តទៀត ជាពិសេស ថ្នាក់នាយករដ្ឋមន្ត្រី តែងតែជួបគ្នាគ្រប់ពេលវេលា ទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទាំងឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នៅគ្រប់ទីតាំង និងគ្រប់វេទិកា ។
ភាគីទាំងពីរ ក៏បានជូនពរគ្នាទៅវិញទៅមក ចំពោះការធ្វើយ៉ាងណា ឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់ មានការកើនឡើង ជាពិសេស វៀតណាម នៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ហើយក៏ជូនពរឱ្យក្លាយទៅជាប្រទេសដែលចូលទៅក្នុងកម្រិតមហាសេដ្ឋកិច្ចទាំង២០ របស់ពិភពលោក ។ មិត្តវៀតណាម ក៏បានជូនពរឱ្យកម្ពុជា ទទួលបានជោគជ័យចំពោះទស្សនៈវិស័យរបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកស្ទួយ និងលើកកម្ពស់ ចំពោះការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ការតភ្ជាប់ខឿនសេដ្ឋកិច្ច ដើម្បីឯករាជ្យ ម្ចាស់ការ ធ្វើឱ្យមានការបំពេញឲ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ព្រោះអ្វីៗទាំងអស់ នៃការរីកចម្រើន គឺជាផលប្រយោជន៍របស់កម្ពុជា និងការបំពេញឲ្យគ្នាទៅវិញទៅមក នៃការតភ្ជាប់នូវទីផ្សារទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ។
ភាគីទាំងពីរ ក៏បានយល់ស្របចំពោះសំណើ នៃការគិតគូរ ក្នុងការយកប្រជាជនជាស្នូល ហើយជាពិសេស គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអគ្គិសនី ដោយខាងភាគីមិត្តវៀតណាម ទទួលយកសំណើររបស់សម្ដេចតេជោ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ ដែលបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ បន្តទៀត ហើយភាគីវៀតណាម គឺពេញចិត្តក្នុងការផ្គត់ផ្គង់ឱ្យបានលើសនឹងបន្ថែមទៀត ហើយបើសិនជាអាច គឺភាគីវៀតណាម បើកទូលាយដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស ៤០០មេហ្គាវ៉ាត់ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យរីកចម្រើននៅក្នុងឧស្សាហកម្ម 4.0 ។
ភាគីទាំងពីរ ក៏បានផ្ដល់តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងគណបក្សទាំងពីរ ក៏ដូចជារាជរដ្ឋាភិបាល បានបង្ករឲ្យមានលក្ខណៈនៃការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរយុវជន ដើម្បីស្គាល់គ្នា ទុកចិត្តគ្នា និងធ្វើការដឹកនាំប្រកបដោយសុឆន្ទៈ ក្នុងន័យមិត្តភាពយូរអង្វែង ដូច្នេះហើយភាគីទាំងពីរ ក៏នៅតែចង់ចាំបំភ្លេចចំពោះគុណនូបក្ការៈរបស់ឯកឧត្តម ង្វៀន ហ្វូជុង ដែលបន្តពូនជ្រុំនូវការកសាងធនធានមនុស្សសម្រាប់គ្រប់ជំនាន់តទៅ ដើម្បីកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ឡាវ ឲ្យបានឋិតថេរ និងគង់វង្សយូរអង្វែង ។
ពាក់ព័ន្ធនឹងការតភ្ជាប់ខឿនសេដ្ឋកិច្ច ភាគីទាំងពីរ នឹងជួយគ្នាទៅវិញទៅមក ដោយក្នុងលក្ខណៈសេដ្ឋកិច្ចបំពេញគ្នាទៅវិញទៅមក ជាពិសេស គឺភាគីវៀតណាម ពេញចិត្តក្នុងការផ្គត់ផ្គង់អគ្គិសនីដ៏កម្ពុជា ២៥០មេហ្គាវ៉ាត់ ដែលនឹងត្រូវចុះហត្ថលេខាបន្តឆ្នាំ២០២៥ ហើយនៅផ្គត់ផ្គង់ឲ្យដល់ ៤០០មេហ្គាវ៉ាត់ ឬលើសពីហ្នឹងទៅទៀតទៅតាមតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ៕
No comments:
Post a Comment