អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរីចំនួន២រូប ត្រូវបានប្រកាសចូលកាន់មុខតំណែង - គេហទំព័រ ស្ពានមរតក

Breaking

Monday, August 26, 2024

អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរីចំនួន២រូប ត្រូវបានប្រកាសចូលកាន់មុខតំណែង

លោក នាង សំអាត ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ២ និងលោក សាម សុជាង ឋានន្តរស័ក្តិ​ ថ្នាក់លេខ៦ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេច តែងតាំងអោយកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី។


ពិធីប្រកាសតែងតាំងអភិបាលរងខេត្តរតនគិរីទាំង២រូប ធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្តព្រឹកទី២៦ ខែសីហា ឆ្នាំ២០២៤ ក្រោមអអិបតីភាព ឯកឧត្តម​ ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម ញ៉ែម សំអឿន  អភិបាលនៃគណៈអភិបាលខេត្ត​ ឯកឧត្ដម​ អនុរដ្ឋលេខាធិការ​ ឯកឧត្តម​​ អគ្គនាយក​ អគ្គនាយក​រង​ ឯកឧត្តម​ លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​ប្រធានសាលាដំបូងខេត្ត​ អភិបាលរងខេត្ត​ លោកព្រះរាជអាជ្ញា​រង​ នៃអយ្យាការអមសាលាដំបូងខេត្ត​ មេបញ្ជាការ​ មេបញ្ជាការរង​កងកម្លាំងទាំងបី​  លោក​ លោកស្រីនាយក​ នយករងរដ្ឋបាលសាលាខេត្ត លោក​ លោកស្រី​ប្រធាន​មន្ទីរ​ អង្គភាព​ជុំវិញខេត្ត​ លោកអភិបាលក្រុង​ ស្រុក​ លោក​ លោកស្រី​នាយក​ នាយិកា​ ទីចាត់​ការ​ អង្គភាព​ ចំណុះរដ្ឋបាលសាលាខេត្ត​ និងមន្ត្រីជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូបទៀត។


បន្ទាប់ពី ឯកឧត្តម ញ៉ែម សំអឿន គោរពរាយការណ៍​ ជូនអំពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពសន្តិសុខសង្គម និងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខេត្តរួចមក ឯកឧត្តម ប៊ុន ហុនរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានសំដែងនូវការអបអរសាទរ លោកអភិបាលរងខេត្តទាំងពីររូប ដែលដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត តែងតាំងមុខតំណែងជាអភិបាលរងខេត្តរតនគិរី។ហើយ ជឿជាក់ថា លោកអភិបាលរងខេត្តរតនគិរី ដែលទើបទទួលបានការតែងតាំងថ្មីនឹងខិតខំប្រឹង ប្រែងអនុវត្តតួនាទី ភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍របស់ខ្លួន ដើម្បីបន្តចូល រួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានខេត្តរតនគិរីឲ្យកាន់តែរីកចម្រើន និង ទទួលបានសមិទ្ធផលថ្មីៗថែមទៀត ។


ឯកឧត្តម រដ្ឋលេខាធិការ ក៏បានស្នើឲ្យក្រុមប្រឹក្សា គណៈអភិបាល មន្ទីរ អង្គភាពនានា មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ទាំងអស់ផ្តល់ការគាំទ្រដល់ លោកអភិបាលរងខេត្តរតនគិរីដែលទើបនឹងទទួលការតែងតាំងថ្មី ដើម្បីបន្តរួមគ្នាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍ មូលដ្ឋានខេត្តរបស់ឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យបន្តទៀត។ ជាពិសេសត្រូវចូលរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជារបៀបវារៈនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិ ឲ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕





 

No comments:

Post a Comment

Pages