កោះកុង ៖ ការដេញថ្លៃលើគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៤ក្នុងខេត្តកោះកុង បាននិងកំពុងធ្វើអោយក្រុមអ្នកទទួលការមួយចំនួន រីករាយ និងការកើបលុយ និងកេងចំណេញលើថវិការរបស់ជាតិយ៉ាងសន្ធឹកសន្ធាប់ ខណៈដែលក្រុមអ្នកទទួលការទាំងនោះ បាននឹងកំពុងឃុបឃិតគ្នា ដេញថ្លៃឡើង ប្រហាក់ប្រហែល និងតម្លៃប៉ាន់ស្មាន ដែលកំណត់ដោយមន្ត្រីបច្ចេកទេសទីចាត់ការផែនការវិនិយោគ ។
ហើយអ្វីដែលជារឿងនឹកស្មានមិនដល់នោះ គេសង្កេតឃើញថា ឈ្មោះធឹមពិសិដ្ឋអ្នកទទួលការ ដែលមានឈ្មោះក្រុមហ៊ុន (ម៊ុតភេនខនស្ត្រាកសិន) គឺក្រុមហ៊ុននេះនៅតែបន្តប្រើវិធីសាស្ត្រដ៏ដែលៗ កេងចំណេញលើថវិការបស់ជាតិ។
ជាក់ស្ដែងដូចកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅសាលាឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានបើកសំណើដាក់ឱ្យដេញថ្លៃលើគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ នៅគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ។
អ្នកទទួលការ ឈ្មោះ ធឹម ពិសិដ្ឋក្រុមហ៊ុន(ម៊ុត ភេនខនស្ត្រាកសុិន)បានដេញថ្លៃបានលើគម្រោងសាងសង់ ផ្លូវបេតុងអាមេមួយខ្សែប្រវែង០១៥០គ.ម និងរង្វង់មូលមួយកន្លែង មានតម្លៃប៉ាន់ស្មាន÷២៨៣.៤០៧.៩៣១រៀល(ពីរយប៉ែតសិបបីលានបួរយប្រាំពីពាន់ប្រាំបួនរយសាមសិបមួយរៀលគត់ ក្រុមហ៊ុន(ម៊ុតភេនខនស្ត្រាក់សុិន) ដាក់ដេញថ្លៃក្នុងតម្លៃ២៧២.២០០០. ០០០ រៀល(ពីរយចិតសិបពីលានពីរយពាន់រៀល) ចុះតម្លៃស្មើរនិង ៣.៩៦% តែប៉ុណ្ណោះ ប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មាន។
ប្រជាពលរដ្ឋដែលបានចូលរួមក្នុងការដេញថ្លៃខាងលើ បានលើកឡើងថា ដំណើរការដេញថ្លៃនៅក្នុងសាលាឃុំពាមក្រសោបខាងលើ គឺជាវិធីចងមុងដេញថ្លៃ ខ្សឹមខ្សាវឃុបឃិតនិងស៊ុមគ្រលំគ្នាជាមួយក្រុមហ៊ុនផ្សេងៗដែលមកចូលរួមប្រកួតប្រជែងដាក់ដេញថ្លៃ ។
មហាជនក៏ដូចប្រជាពលរដ្ឋបានឃើញសកម្មភាពពុករលួយឃុបឃិតគ្នា មុននឹងចូលដាក់ដេញថ្លៃ ឈ្មោះ ទឹម រិន ក្រុមហ៊ុន(ទឹមរិនរតនៈ) ដែលគេស្គាល់ថាត្រូវជាឪពុករបស់ឈ្មោះធឹម ពិសិដ្ឋក្រុមហ៊ុន (ម៊ុត ភេនខនស្ត្រាកសិន) បានដើរចរចាបោះលុយទឹកតែ នឹងតម្លៃខ្លួនបន្ថែមឲ្យទៅអ្នកទទួលការដែលមកពីបណ្ដាខេត្តផ្សេងៗដើម្បីជាថ្នូរមិនឱ្យចូលប្រកួតប្រជែងដាក់ដេញថ្លៃ ។
ក្រោយពីចរចាត្រូវរូវគ្នាហើយបក្សពួករបស់គេបានដើរប្រមូលឯកសារកក់លុយធនាគាររបស់ក្រុមហ៊ុនផ្សេងៗដើម្បីងាយស្រួលចាត់ចែងលុយទឹកតែនិងតម្លៃខ្លួនកុំឲ្យមានភាពរញ៉េរញ៉ៃនៅពេលដេញថ្លៃរួច។
ប្រជាពលរដ្ឋបាននិយាយទៀតថា បើសិនជានៅតែមិនមានវិធានការទប់ស្កាត់ពីមន្ត្រីជំនាញ និងអាជ្ញាធរខេត្តទេនោះ មិនដឹងជាថវិការជាតិរាប់រយរាប់ពាន់លាន ត្រូវបានបាត់បង់ដោយសារការឃុបឃិតនិងស៊ុមគ្រលំគ្នា ពីក្រុមអ្នកទទួលការខាងលើនោះ ព្រោះរឿងដដែលៗនេះនៅតែបន្តកើតមានជារៀងរហូត ។
ពាក់ព័ន្ធករណីខាងលើ អ្នកសារព័ត៌មានយើង បានទំនាក់ទំនងទៅលោកវែន សុខានាយកទីចាត់ការផែនការនិងវិនិយោគខេត្តកោះកុង មិនទាន់បាននៅឡើយទេ ខលទូរសព្ទចូល មិនមានអ្នកទទួល។
ប្រជាពលរដ្ឋក៏ដូចមហាជនសូមសំណូមពរស្នើសុំដល់លោកវ៉ែន សុខានាយកទីចាត់ការផែនការវិនិយោគខេត្តលោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយចាត់កម្លាំងចុះស្រាវជ្រាវនិងស៊ើបអង្កេតរឿងពុករលួយនៅសាលាឃុំពាមក្រសោបស្រុកមណ្ឌលសីមា ខេត្តកោះកុងខាងលើនេះផង បើមិនដូច្នេះទេ ថវិកាជាតិរាប់រយពាន់លានត្រូវបានបាត់បង់ដោយសារពួកក្រុមហ៊ុនអ្នកទទួលការមួយចំនួនខាងលើនេះជាមិនខាន៕
No comments:
Post a Comment