បន្ទាយមានជ័យ ៖ ជនជាតិចិន២ក្រុមដែលបម្រុងបើកឆាកប្រយុទ្ធគ្នា ដោយម្ខាងៗមានដុំថ្មផងនោះ តែត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានជាង១០នាក់ កាលពីល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិប៉ាលិលេយ្យពីរ សង្កាត់-ក្រុងប៉ោយប៉ែត ។
បើតាមកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ការឃាត់ខ្លួនជនជាតិចិនជាង១០នាក់ គឺមានដំបង ដុំថ្ម និងដុំដែក ដែលបម្រុងធ្វើសកម្មភាពវាយគ្នា ហើយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតបានរាយការណ៍ទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះប្រតិបត្តិការបង្ក្រាបភ្លាមៗ ដោយឃាត់ខ្លួនជាង១០នាក់ ។
នគរបាលបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនជនជាតិចិនបានដឹកបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់ ។ ប្រជាពលរដ្ឋបានបញ្ជាក់ដែរថា នៅពេលដែលជនជាតិចិន១ក្រុមមានជាង១០នាក់បម្រុងធ្វើសកម្មភាពចូលវាយទៅលើជនជាតិចិន១ក្រុមទៀតនៅក្នុងផ្ទះជួល ប៉ុន្តែមិនបានសម្រេច ។
ប្រជាពលរដ្ឋបានកោតសរសើរចំពោះកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត ដែលសហការបានល្អចុះបង្ក្រាបទាន់ពេលវេលា៕
No comments:
Post a Comment